សង្ខបាលជាតកទី ៤
( ព្រះបាទពារាណសីត្រាស់សួរថា ) លោកជាអ្នកមាន ឱកាសនៃសរីរៈដ៏ប្រសើរ មានព្រះនេត្រថ្លា ខ្ញុំសំគាល់ថា លោកដ៏ចម្រើន ជាអ្នកចេញចាកត្រកូលហើយបួស ចុះលោកអ្នកមានប្រាជ្ញា លះបង់នូវទ្រព្យ និងភោគៈទាំងឡាយ ចេញចាកផ្ទះហើយបួស តើដោយហេតុដូចម្តេច ។ ( អាឡារតាបសថ្វាយព្រះពរថា ) បពិត្រព្រះរាជា ជានរទេព អាត្មាភាពជាអ្នកបួសដោយសទ្ធា ព្រោះបានឃើញវិមានរបស់ពស់ធំ ( នាគ ) ដែលមានអានុភាពច្រើន ដោយខ្លួនឯងផង ព្រោះបានឃើញផលដ៏ធំនៃបុណ្យ ទាំងឡាយផង ។ ( ព្រះរាជា… ) បព្វជិតទាំងឡាយ មិនពោលនូវវាចាកុហក ព្រោះប្រាថ្នាកាម ព្រោះខ្លាច ព្រោះទោសៈទេ ខ្ញុំសួរហើយ សូមលោកប្រាប់ សេចក្តីនុ៎ះ សេចក្តីជ្រះថ្លានឹងកើតដល់ខ្ញុំ ព្រោះស្តាប់ ។ ( អាឡារតាបស… ) បពិត្រព្រះអង្គជាធំក្នុងដែន អាត្មាភាព កាលនៅ ( ជាគ្រហស្ថ ) កំពុងដើរទៅដោយបំណងថា ( អញនឹង ធ្វើ ) នូវជំនួញ ក៏បានឃើញនូវពួកភោជបុត្រក្នុងផ្លូវសែងពស់ដ៏ធំ មានកាយ ធាត់ កំពុងសប្បាយរីករាយដើរ ។ បពិត្រព្រះអង្គជាធំជាងជន លុះអាត្មាភាព នោះ មកជួបនឹងពួកភោជបុត្រទាំងនោះហើយ ក៏ព្រឺរោមខ្លាច ហើយសួរ ថា ម្នាលពួកភោជបុត្រ នាគនេះ មានកាយគួរខ្លាច តើអ្នកទាំងឡាយនាំទៅក្នុង ទីណា អ្នកទាំងឡាយនឹងយកនាគនេះទៅធ្វើអ្វី ។ ( ពួកភោជបុត្រប្រាប់ថា ) នាគដ៏ធំ ជាសត្វទៅដោយទ្រូង មានកាយដ៏ធាត់ នេះ យើងយកទៅបរិភោគ ( ព្រោះ ) សាច់វា មានរសឆ្ងាញ់ផង ក្រាស់ផង ទន់ផង នែកូនអ្នកស្រុកវិទេហៈ អ្នកមិនដឹងនូវរសទេឬ ។ ពួកយើងចេញ អំពីទីនេះ ទៅកាន់លំនៅរបស់ខ្លួន ហើយយកកាំបិតចិព្រ្ចាំសាច់ទាំងឡាយ ហើយបរិភោគរីករាយសប្បាយ ព្រោះថា ពួកយើងជាសត្រូវចំពោះនាគ ទាំងឡាយ ។