ចុល្លសុតសោមជាតកទី ៥

ក្បាលទី 50 · ទំព័រ 181

( ព្រះបាទសុតសោមត្រាស់ថា ) ខ្ញុំប្រាប់អ្នកនិគម មិត្ត អាមាត្យ និងបរិស័ទឲ្យដឹងថា ស្កូវកើតលើក្បាលហើយ ឥឡូវនេះ ខ្ញុំពេញចិត្ត នឹងបព្វជ្ជា ។ ( អាមាត្យម្នាក់ក្រាបទូលថា ) ព្រះអង្គទ្រង់ត្រាស់ព្រះឱង្ការ មិនចម្រើនដល់ទូលព្រះបង្គំជាខ្ញុំ បពិត្រព្រះសម្មតិទេព ព្រះអង្គហាក់ដូចជា ញ៉ាំងកូនសរ ឲ្យប្រហារត្រង់ដើមទ្រូង របស់ទូលព្រះបង្គំជាខ្ញុំ ចុះស្រីស្នំរបស់ ព្រះអង្គចំនួន ៧០០ នាក់ ស្រីស្នំរបស់ព្រះអង្គទាំងនោះ នឹងទៅជាដូចម្តេច ។ ( ព្រះរាជា… ) ស្រីស្នំក្មេងៗទាំងនេះ នឹងប្រាកដ ( តាម អំពើរបស់ខ្លួនៗ ) ឬក៏ស្រីស្នំទាំងនោះ នឹងទៅរកស្តេចដទៃ ឯខ្ញុំប្រាថ្នាឋានសួគ៌ ព្រោះហេតុនោះ ខ្ញុំនឹងបួស ។ ( ព្រះវររាជមាតា… ) នែសុតសោម ខ្ញុំបានអ្នកដោយ កម្រណាស់ នែព្រះសម្មតិទេព ព្រោះខ្ញុំជាមាតារបស់អ្នក កាលខ្ញុំកំពុងយំ សោក អ្នកឥតមានសេចក្តីអាឡោះអាល័យ ( ចេញទៅ ) បួស ។ នែសុតសោម ខ្ញុំបានអ្នកដោយកម្រណាស់ នែព្រះសម្មតិទេព ខ្ញុំបានប្រសូតអ្នកមក កាល ខ្ញុំកំពុងយំសោក អ្នកឥតមានសេចក្តីអាឡោះអាល័យ ( ចេញទៅ ) បួស ។ ( ព្រះវររាជបិតា… ) នែសុតសោម នេះជាទំនៀមឈ្មោះ អ្វី បព្វជ្ជាឈ្មោះអ្វី នែព្រះសម្មតិទេព ព្រោះអ្នកជាកូនរបស់យើង លះបង់ នូវយើងដែលជាមនុស្សចាស់ជរា ឥតអាឡោះអាល័យសោះ ( ចេញទៅ ) បួស ។ បុត្តនិងធីតា របស់អ្នកមានច្រើន ហើយនៅក្មេងមិនទាន់ ដល់នូវវ័យ មានពាក្យពីរោះ យើងយល់ថា បុត្តនិងធីតាទាំងនោះ កាល មិនឃើញអ្នក នឹងដល់នូវសេចក្តីទុក្ខ ។