អដ្ឋកថា ចុល្លសុតសោមជាតកទី ៥
[ ៦៤៨-៦៧៨ ] ព្រះសាស្តា កាលគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធ នេក្ខម្មបារមី ទើបត្រាស់ព្រះធម្មទេសនានេះ មានពាក្យផ្តើមថា អាមន្តយាមិ និគមំ ដូច្នេះជាដើម ។ រឿងបច្ចុប្បន្ន ដូចគ្នានឹងមហានារទកស្សបជាតក ឯរឿងក្នុងអតីតមាន ដូចតទៅនេះថា ក្នុងអតីតកាល ក្រុងពារាណសីមានឈ្មោះថា សុទស្សននគរ ព្រះរាជា ព្រះនាមថា ព្រហ្មទត្ត ប្រថាប់នៅក្នុងនគរនោះ ។ ព្រះពោធិសត្វបដិសន្ធិក្នុង ព្រះឧទរនៃអគ្គមហេសីរបស់ព្រះរាជាអង្គនោះ ។ ខែបានកន្លងផុតទៅ ព្រះពោធិសត្វក៏ប្រសូតចាកព្រះឧទរព្រះមាតា ព្រះភក្ត្ររបស់ព្រះរាជកុមារ នោះ មានសិរី ដូចព្រះចន្ទពេញវង់ ដោយហេតុនោះ ទើបព្រះជនកជននីថ្វាយ ព្រះនាមថា សោមកុមារ ។ ព្រះរាជកុមារនោះ លុះដឹងក្តីហើយ ជាអ្នកដាក់ ចិត្តក្នុងសុតៈ មានការស្តាប់ជាប្រក្រតី ដោយហេតុនោះ ទើបអ្នកនគរថ្វាយ ព្រះនាមថា សុតសោម ។ កាលចម្រើនវ័យហើយ ព្រះរាជកុមារយាងទៅ រៀនសិល្ប៍ស្រាស្តក្នុងនគរតក្កសិលា យាងត្រឡប់មក ក៏បានស្វេតច្ឆត្រ របស់ព្រះជនក សោយរាជសម្បត្តិប្រកបដោយធម៌ មានព្រះឥស្សរិយ យសធំក្រៃលែង ។ ទ្រង់មានស្រីស្នំ ១ ម៉ឺន ៦ ពាន់នាក់ មានព្រះនាង ចន្ទាទេវីជាប្រធាន ។ ក្នុងកាលតមក ព្រះរាជាចម្រើនដោយព្រះរាជឱរស និងព្រះរាជធីតារហូតដល់ទ្រង់មិនត្រេកអរដោយឃរាវាសវិស័យ មានបំណង យាងទៅកាន់ព្រៃទ្រង់ព្រះផ្នួស ។ ថ្ងៃមួយទើបហៅនាយភូសាមាលាមកត្រាស់ ថា នែបា កាលណាបាឃើញសក់ត្រង់ក្បាលរបស់អញស្កូវហើយ ឯងគប្បី ប្រាប់ដល់អញក្នុងកាលនោះ ។ ភូសាមាលា ក៏ទទួលព្រះរាជតម្រាស់របស់ ព្រះរាជា ។ ក្នុងកាលតមក ឃើញសក់ស្កូវ ទើបទូលឲ្យទ្រង់ជ្រាប ព្រះរាជា ត្រាស់ថា នែបា បើដូច្នោះ ចូរបាដកនូវសក់ស្កូវនោះមកដាក់ក្នុងដៃយ