នឡិនិកាជាតកទី ១

ក្បាលទី 50 · ទំព័រ 216

សូមថ្វាយនមស្ការព្រះមានព្រះភាគ អរហន្តសម្មាសម្ពុទ្ធអង្គនោះ ( ព្រះបាទព្រហ្មទត្តត្រាស់ថា ) ម្នាលនាងនឡិនិកា ជនបទក្តៅ ស្ងួត ទាំងដែនក៏វិនាស ចូរនាងមក ចូរនាងទៅញ៉ាំងព្រាហ្មណ៍ ( អ្នកធ្វើ នូវសេចក្តីវិនាស ) ដល់អញនោះ ឲ្យមកលុះអំណាចរបស់ខ្លួន ។ ( នាងនឡិនិកាក្រាបទូលថា ) បពិត្រព្រះរាជា ខ្ញុំម្ចាស់អត់ទ្រាំ សេចក្តីលំបាកពុំបាន ខ្ញុំម្ចាស់មិនស្ទាត់ផ្លូវឆ្ងាយ ខ្ញុំម្ចាស់នឹងទៅកាន់ព្រៃដែល មានដំរីនៅអាស្រ័យដូចម្តេចបាន ។ ( ព្រះរាជា… ) ម្នាលនាងនឡិនិកា នាងចូរទៅកាន់ជនបទ ដ៏ស្តុកស្តម្ភ ហើយទៅដោយដំរីផង ដោយរថផង ដោយយាន ( ទូក ) ដែលគេគាបដោយឈើផង យ៉ាងនេះចុះ ។ ម្នាលខត្តិយានី ចូរនាងយកដំរី សេះ រថ នឹងពលថ្មើរជើងទៅចុះ ចូរនាងនាំព្រាហ្មណ៍ ឥសិសិង្គៈនោះ មកកាន់ អំណាច ( ខ្លួន ) ដោយសម្បុរនឹងរូបឆោមរបស់នាង ។ ( ពួកព្រានព្រៃបង្ញាញថា ) នុ៎ះ ប្រាកដជាអាស្រមរបស់ តាបសឈ្មោះឥសិសិង្គៈ ជាទីគួររីកររាយ មានដើមចេក ជាទង់ជាគ្រឿង សម្គាល់ មានដើមស្មាច់ដុះព័ទ្ធជុំវិញ ។ នុ៎ះភ្លើងដែលឥសិសិង្គៈនោះ តាក់តែង ( ដោយឈាន ) នុ៎ះផ្សែង ដែលឃើញប្រាកដ ខ្ញុំសម្គាល់ថា ឥសិ សិង្គៈអ្នកមានឫទ្ធិច្រើន មិនញ៉ាំងភ្លើងឲ្យសាបសូន្យទេ ។ ( អភិសម្ពុទ្ធគាថា ) ឥសិសិង្គៈ បានឃើញនាង នឡិនិកានោះ ពាក់កុណ្ឌលកែវមណី កំពុងដើរមក ក៏ភិតភ័យ ចូលទៅកាន់អាស្រមដែល ប្រក់ដោយស្លឹក ។ ឯនាងនឡិនិកានោះ ក៏បង្ហាញនូវអវ័យវៈទាំងឡាយផង បញ្ចេញនូវកេរ្តខ្មាសដ៏កំបាំងផង ហើយលេងកូនឃ្លី ក្បែរទ្វារអាស្រមនៃឥសិ សិង្គៈនោះ ។