អដ្ឋកថា ឧម្មាទន្តីជាតកទី ២
[ ២០-៥១ ] ព្រះសាស្តា កាលគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធ ឧក្កណ្ឋិតភិក្ខុ ( ភិក្ខុអ្នកអផ្សុក ) ទើបត្រាស់ធម្មទេសនានេះ មានពាក្យ ផ្តើមថា និវេសនំ កស្ស នុទំ សុនន្ទ ដូច្នេះជាដើម ។ បានឮថា ថ្ងៃមួយ ភិក្ខុរូបនោះ ត្រាច់ទៅបិណ្ឌបាតក្នុងនគរសាវត្ថី បាន សម្លឹងឃើញស្ត្រីម្នាក់ ដែលប្រដាប់តាក់តែងល្អហើយ មានរូបស្អាតពន់ពេក កើតចិត្តប្រតិព័ទ្ធ មិនអាចឃាត់ចិត្តបាន ក៏មកកាន់វិហារ ។ ចាប់តាំងពីនោះ ក៏ជាបុគ្គលទន់ខ្សោយ ព្រោះរាគៈ ដូចត្រូវព្រួញចាក់ទម្លុះហើយ មានចំណែក ប្រៀបដូចម្រឹគដែលរត់ទៅ ។ ឯរាងកាយ ក៏ស្គាំងស្គម មានខ្លួនរវាមដោយ សរសៃ ជាអ្នកស្គមលឿង មិនត្រេកអរក្នុងសាសនា កាលមិនបាននូវការ សប្បាយ សូម្បីក្នុងឥរិយាបថមួយ ទើបលះបង់នូវវត្ត មានអាចរិយវត្តនិង ឧបជ្ឈាយវត្តជាដើម ជាអ្នកនៅឆ្ងាយអំពីការប្រកបព្យាយាមក្នុងឧទ្ទេស បរិបុច្ឆា និងកម្មដ្ឋាន ។ ភិក្ខុនោះត្រូវសព្រហ្មចារីសួរថា អាវុសោ កាលមុន លោក មានឥន្ទ្រិយស្រស់បស់ មានសម្បុរមុខផូរផង់ តែឥឡូវនេះ ពុំដូច្នោះឡើយ ព្រោះហេតុអ្វីហ្ន៎ ទើបឆ្លើយថា អាវុសោ ខ្ញុំមិនត្រេកអរក្រៃលែងក្នុងសាសនា ឡើយ ។ លំដាប់នោះ សព្រហ្មចារីទាំងនោះ ក៏ពោលទូន្មានថា អាវុសោ ចូរលោកត្រេកអរក្នុងសាសនាចុះ ធម្មតាការកើតឡីងនៃព្រះពុទ្ធ ជាសភាវៈ ដែលកើតឡើងដោយក្រ ការបានស្តាប់ព្រះសទ្ធម្ម និងការបានអត្តភាពជា មនុស្ស ក៏ជាវត្ថុដែលបានដោយក្រដូចគ្នា លោកបានអត្តភាពជាមនុស្សហើយ