អដ្ឋកថា មហាពោធិជាតកទី ៣
[ ៥២-៦៥ ] ព្រះសាស្តា កាលគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធ ព្រះបញ្ញាបារមី ត្រាស់ព្រះធម្មទេសនានេះ មានពាក្យផ្តើមថា កិន្នុ ទណ្ឌំ កិមាជិនំ ដូច្នេះជាដើម ។ ផ្ទៃរឿងមានច្បាស់ក្នុងមហាឧម្មង្គជាតកខាងមុខ ។ ក្នុងកាលនោះ ព្រះសាស្តាត្រាស់ថា ម្នាលភិក្ខុទាំងឡាយ មិនមែនតែ ក្នុងកាលឥឡូវនេះប៉ុណ្ណោះទេ សូម្បីក្នុងកាលមុន តថាគតក៏ជាអ្នកមានបញ្ញា អាចញាំញីវាទៈរបស់អ្នកដទៃបានដូចគ្នា ដូច្នោះទើបទ្រង់នាំអតីតនិទានមក ត្រាស់ ដូច្នេះថា ក្នុងអតីតកាល ព្រះបាទព្រហ្មទត្តសោយរាជសម្បត្តិ នៅក្នុងក្រុងពារាណសី ព្រះពោធិសត្វកើតក្នុងត្រកូលឧទិច្ចព្រាហ្មណមហាសាល មានទ្រព្យសម្បត្តិ ប្រមាណ ៨០ កោដិ ក្នុងដែនកាសី ។ មាតាបិតា បានដាក់ឈ្មោះព្រះពោធិសត្វ ថា ពោធិកុមារ ពោធិកុមារនោះចម្រើនវ័យហើយ បានសិក្សាសិល្ប៍ ស្រាស្តក្នុងនគរតក្កសិលា លុះចប់ហើយ ក៏ត្រឡប់មកគ្រប់គ្រងផ្ទះ ។ ក្នុង កាលតមក បានលះសេចក្តីសុខដែលកើតអំពីកាម ហើយចូលកាន់ហិមវន្ត ប្បទេស បួសជាបរិព្វាជក មានមើមឈើនិងផ្លែឈើក្នុងព្រៃនោះឯង ជា អាហារអស់កាលយូរ លុះដល់រដូវភ្លៀង ទើបចេញអំពីហិមពាន្ត ចារិកទៅដល់ ក្រុងពារាណសីដោយលំដាប់ ចូលទៅកាន់ព្រះរាជឧទ្យាន ។ ស្អែកឡើង ត្រាច់បិណ្ឌបាតក្នុងព្រះនគរ ដោយឥរិយាបថសមរម្យនៃបរិព្វាជក រហូតដល់ ទ្វារព្រះរាជនិវេសន៍ ។ ព្រះរាជាប្រថាប់ឈរត្រង់សីហបញ្ជរ ទតឃើញ ព្រះពោធិសត្វហើយ ទ្រង់ជ្រះថ្លាក្នុងកិរិយាស្ងប់ស្ងាត់របស់លោក ទើបត្រាស់ ឲ្យរាជបុរស ទៅនិមន្តចូលមកកាន់ទីប្រថាប់របស់ទ្រង់ ទ្រង់ធ្វើបដិសណ្ឋារៈ ទ្រង់បានស្តាប់ធម្មកថាបន្តិចបន្តួច ហើយថ្វាយភោជនមានរសដ៏ប្រសើរផ្សេងៗ ។ ព្រះមហាសត្វទទួលភត្តាមក ពិចារណាថា