សោណកជាតកទី ១

ក្បាលទី 50 · ទំព័រ 361

( ព្រះរាជាព្រះនាមអរិន្ទមៈ ទ្រង់ត្រាស់ថា ) អ្នកណាបានឮ អញនឹងឲ្យទ្រព្យ ១ រយ អ្នកណាបានឃើញ សោណកៈ អញនឹងឲ្យទ្រព្យ ១ ពាន់ អ្នកណានឹងប្រាប់អញនូវសោណកៈជាសម្លាញ់ដែលលេងដីជាមួយគ្នា ។ ( អភិសម្ពុទ្ធគាថា ) គ្រានោះ មាណពក្មេងមានជុក ៥ បានក្រាបបង្គំ ទូលថា ទូលព្រះបង្គំជាខ្ញុំបានឮ សូមព្រះអង្គប្រទានទ្រព្យ ១ រយ ទូលព្រះបង្គំ ជាខ្ញុំបានឃើញសោណកៈ សូមព្រះអង្គប្រទានទ្រព្យ ១ ពាន់ ទូលព្រះបង្គំជា ខ្ញុំនឹងក្រាបទូលដល់ព្រះអង្គនូវសោណកៈជាសម្លាញ់ដែលលេងដីជាមួយគ្នា ។ ( ព្រះរាជា… ) សោណកៈនោះ នៅក្នុងជនបទណា ក្នុង ដែនណា ក្នុងនិគមណា ឯងបានឃើញសោណកៈក្នុងទីណា អញសួរហើយ ឯងចូរប្រាប់ពីសោណកៈនោះ ។ ( កុមារ… ) បពិត្រព្រះសម្មតិទេព ត្រង់ទីឧទ្យានរបស់ព្រះអង្គ ក្នុងដែនរបស់ព្រះអង្គហ្នឹងឯង មានពួកឈើធំ មានដើមត្រង់ មានពន្លឺខៀវ ជាតម្រេកនៃចិត្ត ពួកឈើទាំងនោះ មានពណ៌ដូចផ្ទៃមេឃគួរឲ្យត្រេកអរ ដុះ ទាក់ទងគ្នាទៅវិញទៅមក កាលពួកសត្វលោកមានគ្រឿងឆេះ កំពុងត្រូវភ្លើង ឆេះ សោណកៈមិនមានគ្រឿងឆេះ ជាបុគ្គលរលត់ហើយ កំពុងចម្រើនឈាន ជិតគល់ឈើទាំងនោះ ។ ( អភិសម្ពុទ្ធគាថា ) លំដាប់នោះ ព្រះរាជាទ្រង់ប្រើបម្រើឲ្យ ចាត់ចែងធ្វើផ្លូវរាបស្មើ យាងចេញទៅដោយសេនាមានអង្គ ៤ សំដៅទៅត្រង់ កន្លែងដែលព្រះបច្ចេកពុទ្ធព្រះនាម សោណកៈគង់នៅ ។ លុះព្រះរាជាទ្រង់ យាងទៅដល់ទីឧទ្យានហើយ ទ្រង់ត្រាច់ទៅក្នុងព្រៃធំ បានទតឃើញព្រះ សោណកបច្ចេកពុទ្ធ កាលដែលពួកសត្វលោកកំពុងត្រូវភ្លើងឆេះ លោកជា បុគ្គលរលត់ គង់នៅហើយ ។