អដ្ឋកថា សង្កិច្ចជាតកទី ២
[ ៩០-៩៣ ] ព្រះសាស្តា កាលគង់នៅក្នុងជីវកម្ពវនារាម ទ្រង់ប្រារព្ធ បិតុឃាតកម្ម របស់ព្រះបាទអជាតសត្តុ ទើបត្រាស់ព្រះធម្មទេសនានេះ មាន ពាក្យផ្តើមថា ទិស្វា និសិន្នំ រាជានំ ដូច្នេះជាដើម ។ សេចក្តីពិស្តារថា ព្រះបាទអជាតសត្តុនោះ អាស្រ័យទេវទត្តភិក្ខុ បាន ឲ្យផ្តាច់ព្រះជន្មព្រះបិតា តាមពាក្យរបស់ទេវទត្ត ហើយទ្រង់បានដំណឹងថា ទេវទត្តមានបរិស័ទបែកគ្នា ក្នុងកាលទីបំផុតនៃការបំបែកសង្ឃ កាលមាន រោគកើតឡើង ទើបគិតថា អញនឹងញ៉ាំងព្រះតថាគតឲ្យអត់ទោសដល់អញ ដូច្នេះហើយ ទើបទៅកាន់ក្រុងសាវត្ថីដោយគ្រែស្នែង ត្រូវផែនដីស្រូបក្បែរ ទ្វារវត្តជេតពន ទើបទ្រង់ត្រិះរិះថា ទេវទត្តជាបដិបក្ខចំពោះព្រះសម្មាសម្ពុទ្ធ ចូលទៅកាន់ផែនដី មានអវីចិមហានរកដែលប្រព្រឹត្តទៅខាងមុខ សូម្បីខ្លួន អញ ក៏បានផ្តាច់ព្រះជន្មព្រះបិតា ដែលជាធម្មរាជាតាំងនៅក្នុងធម៌ ក៏ព្រោះ អាស្រ័យទេវទត្តនោះ ខ្លួនអញត្រូវផែនដីស្រូបដែរឬហ្ន៎ ដូច្នេះហើយ ទើបភ័យ ខ្លាច មិនមានការត្រេកអរក្នុងចិត្ត សូម្បីក្នុងរាជសម្បត្តិ ទ្រង់គិតថា អញនឹង ដេកឲ្យលក់បន្តិច គ្រាន់តែទៀបលក់បុណ្ណោះ ក៏ប្រាកដដូចនិរយបាលមកច្រាន ឲ្យធ្លាក់ទៅក្នុងផែនដីដែកកម្រាស់ ៩ យោជន៍ ហើយចាក់ដោយលំពែងដែក ឬមានអាការដូចត្រូវឆ្កែទាំងឡាយខាំសាច់ស៊ី ទើបទ្រង់បន្លឺព្រះសូរសៀងដោយ សំឡេងដែលគួរខ្លាច ហើយក្រោកឡើង ។ ក្នុងកាលតមក ក្នុងថ្ងៃពេញបូណ៌មី នៃខែទី ៤ ដែលជារដូវផ្កាកុមុទរីក ( ខែកត្តិក ) ព្រះបាទអជាតសត្តុ មានពួកអាមាត្យចោមរោម ហើយទត ឃើញឥស្សរិយយសរបស់ទ្រង់ ទើបត្រិះរិះថា ឥស្សរិយយសនៃព្រះបិតា របស់អញក្រៃលែងជាងនេះ អញត្រាស់ឲ្យផ្តាច់ព្រះជន្មរបស់ទ្រង់ ដែលជា ធម្មរាជាបែបនោះ ព្រោ