កុសជាតកទី ១
( ព្រះបាទកុសរាជពោធិសត្វត្រាស់ថា ) បពិត្រព្រះមាតា ដែនរបស់ព្រះមាតានេះ ប្រកបដោយទ្រព្យ ប្រកបដោយយាន ប្រកបដោយ គ្រឿងសម្រាប់រាជ្យ បរិបូណ៌ដោយកាមគ្រប់យ៉ាង សូមព្រះមាតាត្រួតត្រា ដែនរបស់ព្រះមាតានេះចុះ ខ្ញុំនឹងទៅកាន់នគរ ជាទីនៅរបស់នាងបភាវតី ជាទី ស្រឡាញ់ ។ ( នាងបភាវតីពោលថា ) ព្រះអង្គមានព្រះទ័យ មិនត្រង់ នាំយកអម្រែកធំ ( រងទុក្ខ ) ទាំងថ្ងៃទាំងយប់ ទាំងពេលអធ្រាត្រ សូមព្រះអង្គ ត្រឡប់ទៅក្រុងកុសាវតីវិញឲ្យឆាប់ ខ្ញុំម្ចាស់មិនចង់បានព្រះអង្គ ដែលមាន រាងរៅអាក្រក់មកនៅ ( ក្នុងទីនេះ ) ទេ ។ ( ព្រះពោធិសត្វ… ) ហៃនាងបភាវតី អញនឹងមិនទៅអំពី ទីនេះ កាន់ក្រុងកុសាវតីទេ ព្រោះអញជាប់ចិត្តនឹងវណ្ណរបស់នាង ទើបត្រេកអរ ក្នុងដំណាក់ជាទីត្រេកអររបស់ព្រះបាទមទ្ទៈ ស៊ូលះបង់ដែន មកត្រេកអរក្នុង ការឃើញនាង ។ ហៃនាងបភាវតី អញជាប់ចិត្តនឹងវណ្ណៈរបស់នាង មាន សភាពវង្វេង ត្រាច់រង្គាត់ទៅកាន់ផែនដី មិនស្គាល់ទិសថា អញមកអំពីទីណា ហៃនាងមានភ្នែកថ្លាដូចភ្នែកម្រឹគ អញជាមនុស្សវក់ចិត្តក្នុងនាង ហៃនាងមាន គ្រឿងសម្លៀករំលេចដោយមាសមានខ្សែក្រវាត់ល្អ ជាវិការៈនៃមាស មាន ចង្កេះល្អ អញមិនត្រូវការដោយរាជសម្បត្តិ ព្រោះតែសេចក្តីប្រាថ្នាចំពោះ នូវនាង ។ ( នាងបភាវតី… ) បពិត្រព្រះអង្គដ៏ចម្រើន សេចក្តីមិនចម្រើន តែងមានដល់បុគ្គលដែលប្រាថ្នា បុគ្គលកាលមិនប្រាថ្នា ( ខ្លួន ) បពិត្រ ព្រះរាជា ព្រះអង្គមិនជាទីស្រឡាញ់ ចង់បានស្ត្រីជាទីស្រឡាញ់ ដែលមិន មានសេចក្តីប្រាថ្នាដោយកាមទាំងឡាយ ។