អដ្ឋកថា កុសជាតកទី ១
[ ៩៤-១៣៣ ] ព្រះសាស្តា កាលគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធ ភិក្ខុអផ្សុកមួយរូប ទើបត្រាស់ព្រះធម្មទេសនានេះ មានពាក្យផ្តើមថា ឥទន្តេ រដ្ឋំ ដូច្នេះជាដើម ។ បានឮថា កុលបុត្តអ្នកក្រុងសាវត្ថីម្នាក់ បានថ្វាយជីវិតក្នុងសាសនា បព្វជ្ជាហើយ ថ្ងៃមួយ លោកត្រាច់ទៅបិណ្ឌបាតក្នុងក្រុងសាវត្ថី ឃើញស្ត្រី ម្នាក់ ប្រដាប់តាក់តែងកាយយ៉ាងស្អាត សម្លឹងមើលដោយអំណាចសុភនិមិត្តត្រ ូវកិលេសគ្របសង្កត់ អស់នូវសេចក្តីត្រេកអរហើយ ។ លោកមានសក់ និងក្រចកដុះវែង មានចីវរសៅហ្មង មានខ្លួនស្គមលឿង មានកាយរវាមទៅ ដោយសរសៃ ។ មានឧបមាដូចបុព្វនិមិត្ត ៥ ប្រការដែលប្រាកដដល់ទេវបុត្ត ទាំងឡាយ ដែលនឹងត្រូវចុតិជាធម្មតាក្នុងទេវលោក គឺកម្រងផ្កាស្វិតស្រពោន ១ សំពត់ស្លៀកដណ្តប់សៅហ្មង ១ មានពណ៌សម្បុរកាយសៅហ្មងឈានចុះ ក្នុងសរីរៈ ១ ញើសហូរចេញអំពីក្លៀកទាំងសងខាង ១ មិនត្រេកអរក្នុង ទិព្វាសនៈ ១ យ៉ាងណា បុព្វនិមិត្ត ៥ ក៏រមែងប្រាកដដល់ភិក្ខុមិនត្រេកអរ ក្នុងធម្មវិន័យដែលមានចិត្តចង់សឹក ដែលត្រូវឃ្លាតចាកសាសនាជាធម្មតា បាន ដល់ផ្កា គឺសទ្ធារមែងស្វិតស្រពោនទៅ ១ សំពត់ គឺសីលរមែងសៅហ្មង ១ ពណ៌សម្បុរសៅហ្មងឈានចុះក្នុងសរីរៈ ដោយភាពជាបុគ្គលខ្មាសអៀននិង ដោយអំណាចនៃការមិនមានយស ១ ញើសគឺកិលេសរមែងហូរចេញ ១ ភិក្ខុនោះមិនត្រេកអរក្នុងព្រៃ ត្រង់គល់ឈើ ផ្ទះស្ងាត់ដូច្នោះដូចគ្នា ១ និមិត្ត ទាំងឡាយ ប្រាកដហើយដល់ភិក្ខុនោះ ។ លំដាប់នោះ ភិក្ខុទាំងឡាយ ក៏ បាននាំលោកទៅកាន់សម្នាក់ព្រះសាស្តា ហើយបង្ហាញឲ្យទ្រង់ជ្រាបថា បពិត្រ ព្រះអង្គ ភិក្ខុរូបនេះអផ្សុក ។ ព្រះសាស្តាត្រាស់សួរថា ម្នាលភិក្ខុ បានឮថា អ្នកអផ្សុកពិតឬ កាលភិក្ខុរូបនោះក្រាបទូល