សោណនន្ទជាតកទី ២
( ព្រះរាជាព្រះនាមមនោជៈត្រាស់សួរថា ) លោកជាទេវតា ឬជាគន្ធព្វ ជាសក្កបុរិន្ទទៈឬជាមនុស្សមានឫទ្ធិ ធ្វើដូចម្តេច យើងនឹងស្គាល់ លោកបាន ។ ( តាបសឈ្មោះនន្ទបណ្ឌិតពោលថា ) អាត្មាភាព មិនមែន ជាទេវតា មិនមែនជាគន្ធព្វ មិនមែនជាសក្កបុរិន្ទទៈទេ អាត្មាភាពជាមនុស្សមាន ឫទ្ធិ បពិត្រព្រះរាជា ទ្រទ្រង់នូវភារៈ ( ដែន ) សូមព្រះអង្គជ្រាបយ៉ាង នេះចុះ ។ ( ព្រះបាទមនោជៈ… ) ការខ្វល់ខ្វាយ បម្រើមានសភាព ដែលលោកដ៏ចម្រើនធ្វើហើយ នេះជាការមិនមែនតិច កាលដែលភ្លៀងកំពុង ធ្លាក់ចុះ លោកដ៏ចម្រើនអាចធ្វើមិនឲ្យមានភ្លៀងបាន ។ តពីនោះមក លោក ដ៏ចម្រើនអាចធ្វើឲ្យម្លប់ដ៏ត្រជាក់បាន ក្នុងទីមានខ្យល់និងកម្តៅថ្ងៃដ៏ខ្លាំង តពី នោះមក លោកដ៏ចម្រើន អាចធ្វើគ្រឿងការពារព្រួញ ក្នុងកណ្តាលនៃសត្រូវ ទាំងឡាយបាន ។ តពីនោះមក លោកដ៏ចម្រើនអាចធ្វើដែនទាំងឡាយ ដ៏សម្បូណ៌ ( និង ) អ្នកដែនទាំងនោះ ឲ្យលុះក្នុងអំណាច ( របស់យើងខ្ញុំ ) តពីនោះមក លោកដ៏ចម្រើនអាចធ្វើក្សត្រ ១០១ ឲ្យជាចំណុះ ( នៃយើងខ្ញុំ បាន ) ។ យើងខ្ញុំត្រេកអរនឹងលោកដ៏ចម្រើន លោកចង់បានរតនៈ ( ណា ) ចូរទទួលយករតនៈនោះចុះ យើងខ្ញុំប្រគេនយានដំរី រថសេះ ពួកនាងនារី ដែលប្រដាប់ស្រេច ទាំងលំនៅគួរឲ្យត្រេកអរទាំងឡាយ ដល់លោកដ៏ចម្រើន ។ មួយទៀត យើងខ្ញុំប្រគេនដែនអង្គៈឬមគធៈដល់លោកដ៏ចម្រើន មួយទៀត យើងខ្ញុំ សប្បាយចិត្តប្រគេនដែនអស្សកៈ ឬដែនអវន្តិដល់លោក ។ យើងខ្ញុំ ប្រគេនរាជ្យពាក់កណ្តាល ដល់លោកដ៏ចម្រើន បើលោកត្រូវការដោយ រាជ្យ លោកចង់បានរបស់ណា សូមត្រូតត្រារបស់នោះចុះ ។