អដ្ឋកថា សោណនន្ទជាតកទី ២

ក្បាលទី 50 · ទំព័រ 554

[ ១៣៤-១៦២ ] ព្រះសាស្តា កាលគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធ ភិក្ខុចិញ្ចឹមមាតាមួយរូប ត្រាស់ព្រះធម្មទេសនានេះ មានពាក្យផ្តើមថា ទេវតា នុសិ ដូច្នេះជាដើម ។ ផ្ទៃរឿងនៃជាតកនេះ ដូចគ្នានឹងរឿងសុវណ្ណសាមជាតកនោះឯង ។ ក្នុងកាលនោះ ព្រះសាស្តាត្រាស់ថា ម្នាលភិក្ខុទាំងឡាយ អ្នកកុំតិះដៀល ភិក្ខុរូបនេះឡើយ បណ្ឌិតក្នុងកាលមុន សូម្បីបានរាជសម្បត្តិក្នុងជម្ពូទ្វីបទាំងមូល ក៏មិនព្រមទទួលយករាជសម្បត្តិនោះ សុខចិត្តចិញ្ចឹមមាតាបិតាតែម្យ៉ាង ហើយទ្រង់នាំអតីតនិទានមកត្រាស់ថា ក្នុងអតីតកាល នគរពារាណសី មានឈ្មោះថា ព្រហ្មវឌ្ឍនៈ ព្រះរាជា មាននាមថា មនោជៈ សោយរាជសម្បត្តិក្នុងនគរនោះ ។ មានព្រាហ្មណ មហាសាលម្នាក់ មានទ្រព្យសម្បត្តិ ៨០ កោដិ តែជាអ្នកមិនមានកូន នៅ អាស្រ័យក្នុងនគរនោះ ។ នាងព្រាហ្មណីជាភរិយារបស់ព្រាហ្មណ៍នោះ កាល ព្រាហ្មណ៍ជាស្វាមីនោះពោលថា នែនាង ចូរនាងប្រាថ្នាកូនចុះ ដូច្នេះ ក៏បាន ប្រាថ្នាហើយ កាលនោះ ព្រះពោធិសត្វចុតិអំពីព្រហ្មលោក បដិសន្ធិក្នុងផ្ទៃ របស់ព្រាហ្មណីនោះ កាលកុមារនោះកើតហើយ មាតាបិតាក៏តាំងឈ្មោះថា សោណកុមារ ។ ក្នុងកាលសោណកុមារនោះចេះដើរ សត្វដទៃ ក៏ចុតិអំពី ព្រហ្មលោក បដិសន្ធិក្នុងផ្ទៃរបស់ព្រាហ្មណីនោះទៀត មាតាបិតាដាក់ឈ្មោះ កុមារនោះថា នន្ទកុមារ កាលកុមារទាំង ២ នោះរៀននូវវេទ រហូតដល់ចប់ ការសិក្សាសិល្ប៍ស្រាស្តទាំងអស់ហើយ ព្រាហ្មណ៍ជាបិតា ឃើញរូបសម្បត្តិ ដែលចម្រើនវ័យ ទើបហៅព្រាហ្មណីមកពោលថា នែនាង អញនឹងចង សោណកុមារកូនប្រុសរបស់យើងទុកដោយចំណង គឺផ្ទះ នាងទទួលថា សាធុ ហើយប្រាប់សេចក្តីនោះឲ្យបុត្តជ្រាប ។ សោណកុមារនោះ ក៏ពោលថា កុំ ឡើយ ការនៅគ្រប់គ្រងផ្ទះសម្រាប់ខ្ញុ