ចុល្លហំសជាតកទី ១

ក្បាលទី 50 · ទំព័រ 599

( រាជហង្សឈ្មោះធតរដ្ឋៈពោលថា ) ម្នាលហង្សឈ្មោះ សុមុខៈ ពួកបក្សីកាលមិនគយគន់មើល ហើរចេញទៅ អ្នកចូរទៅចុះ កុំ ប្រាថ្នា ( នៅក្នុងទីនេះឡើយព្រោះថា ) ភាពនៃអ្នកជាសម្លាញ់នឹងយើងដែល ជាប់ចំណងមិនមានទេ ។ ( ហង្សសេនាបតីឈ្មោះសុមុខៈក្រាបបង្គំទូលថា ) ទូលព្រះ បង្គំជាខ្ញុំ ទៅក្តី មិនទៅក្តី ទូលព្រះបង្គំជាខ្ញុំ មិនមែនមិនស្លាប់ ដោយការទៅ ឬការមិនទៅទេ ទូលព្រះបង្គំជាខ្ញុំ ចូលទៅរកព្រះអង្គដែលដល់នូវសេចក្តី សុខហើយ នឹងលះព្រះអង្គដែលដល់នូវសេចក្តីទុក្ខដូចម្តេចកើត ។ សេចក្តី ស្លាប់ជាមួយនឹងព្រះអង្គក្តី ការរស់នៅវៀរចាកព្រះអង្គក្តី សេចក្តីស្លាប់នោះ ប្រសើរជាង ទូលព្រះបង្គំជាខ្ញុំតែវៀរចាកព្រះអង្គហើយ រស់នៅមិនប្រសើរ សោះឡើយ ។ បពិត្រមហារាជ ទូលព្រះបង្គំជាខ្ញុំ លះចោលព្រះអង្គ ដែល ដល់ ( នូវសេចក្តីទុក្ខ ) យាងនេះ ដោយសភាវៈណា សភាវៈនោះ មិនមែន ជាធម៌ទេ បពិត្រព្រះអង្គជាធំលើបក្សី ដំណើរណារបស់ព្រះអង្គ ដំណើរ នោះ ទូលព្រះបង្គំជាខ្ញុំ ក៏គាប់ចិត្តដែរ ។ ( រាជហង្ស… ) ដំណើរដូចម្តេចរបស់ខ្ញុំ ដែលជាប់អន្ទាក់ ហើយ ដទៃអំពីរោងគ្រួ ដំណើរនោះ ទៅជាពេញចិត្តដល់អ្នកដែលមានប្រាជ្ញា ជាអ្នកផុតអំពីអន្ទាក់ដូចម្តេច ។ ម្នាលអ្នកជាបក្សី កាលបើយើងទាំង ២ នាក់អស់ជីវិតហើយ អ្នកឃើញនូវប្រយោជន៍ដូចម្តេច របស់ខ្ញុំផង របស់ អ្នកផង របស់ពួកញាតិដ៏សេសផង ។ ម្នាលអ្នកមានស្លាបទាំងពីរ ដូចជា មាស ការលះបង់នូវជីវិតរបស់អ្នកណា ការលះបង់នូវជីវិត របស់អ្នកនោះ ហាក់ដូចជាធ្វើក្នុងទីងងឹត ដោយសេចក្តីល្ងិតល្ងង់ អ្នកកាលលះបង់នូវជីវិត ព្រោះគុណដែលមិនជាក់ច្បាស់ដូច្នោះ តើព្រោះឆ្លុះឃើញនូវប្រយោជន៍អ្វី ។