អដ្ឋកថា ចុល្លហំសជាតកទី ១
[ ១៦៣-១៩៨ ] ព្រះសាស្តា កាលគង់នៅក្នុងវត្តវេឡុវ័ន ទ្រង់ប្រារព្ធ ការលះបង់ជីវិតរបស់ព្រះអានន្ទត្ថេរ ទើបត្រាស់ព្រះធម្មទេសនានេះមានពាក្យ ផ្តើមថា សុមុខៈ ដូច្នេះជាដើម ។ សេចក្តីពិស្តារថា បណ្តាពួកនាយខ្មាន់ធ្នូដែលពួកទេវទត្ត ប្រើឲ្យទៅផ្តាច់ ព្រះជន្មព្រះតថាគត ខ្មាន់ធ្នូដែលទៅមុនគេត្រឡប់មករាយការណ៍ថា បពិត្រ លោកម្ចាស់ ខ្ញុំមិនអាចផ្តាច់ព្រះជន្មព្រះមានព្រះភាគអង្គនោះបានឡើយ ព្រោះ ព្រះមានព្រះភាគអង្គនោះ ទ្រង់មានបឫទ្ធានុភាពក្រៃលែង ទេវទត្តនោះក៏ពោល ថា ណ្ហើយចុះ ឯងមិនបាច់ផ្តាច់ព្រះជន្មព្រះសមណគោតមទេ អញនឹងផ្តាច់ ព្រះជន្មព្រះសមណគោតមឯង ។ កាលព្រះតថាគតយាងចង្រ្កម ក្នុងម្លប់ខាងក្រោយ នៃភ្នំគិជ្ឈកូដ ក៏ឡើងទៅលើភ្នំគិជ្ឈកូដឯង ហើយប្រមេលោថ្មធំ ដោយ កម្លាំងនៃគ្រឿងយន្ត ដោយគិតថា អញនឹងផ្តាច់ព្រះជន្មព្រះសមណគោតម ដោយដុំថ្មនេះ ។ ក្នុងកាលនោះ កំពូលភ្នំ ២ ក៏ទទួលថ្មដែលរមេលោទៅនោះ បាន តែបំណែកថ្មដែលទង្គិចនឹងថ្មនោះ ក៏ហោះទៅប៉ះព្រះបាទរបស់ព្រះមាន ព្រះភាគ ធ្វើលោហិតឲ្យពុរពងឡើងហើយ វេទនាមានកម្លាំងប្រព្រឹត្តទៅ ហើយ ។ ពេទ្យជីវកធ្វើនូវការវះព្រះបាទរបស់ព្រះតថាគតដោយសស្រ្តា យក ឈាមអាក្រក់ចេញ យកសាច់អាក្រក់ចេញរហូតអស់ លាងមុខដំបៅស្អាត ហើយដាក់ថ្នាំ ធ្វើឲ្យទ្រង់ជាសះស្បើយរោគ ។ ព្រះសាស្តាទ្រង់ជាប្រក្រតី ហើយ មានមហាភិក្ខុសង្ឃចោមរោមជាបរិវារ យាងទៅកាន់ព្រះនគរដោយ ពុទ្ធលីលាធំនោះឯង ។ លំដាប់នោះ ទេវទត្តឃើញដូច្នោះ គិតថា បុគ្គលណាឃើញ ព្រះសរីរៈ ដែលដល់នូវលម្អដ៏ប្រសើរ ដោយព្រះរូបឆោមរបស់ព្រះគោតម បើ ជាមនុស្ស ក៏មិនអាចចូលទៅប្រទូស្តបាន ឯដំរីរបស់ព្រះរាជា ឈ្មោះនាឡា គិរីមាន ដំរីនោះជាដំរីក