សុធាភោជនជាតកទី ៣

ក្បាលទី 50 · ទំព័រ 740

( កោសិយសេដ្ឋីពោលថា ) ខ្ញុំមិនមែនទិញ មិនមែនលក់ទេ មួយទៀត ការសន្សំទុករបស់ខ្ញុំ ក៏មិនមានក្នុងទីនេះដែរ របស់នេះមានប្រមាណ តិច មានសភាពដ៏ក្រណាស់ បាយចំនួនអង្ករមួយនាឡិនេះ មិនល្មមដល់ជន ពីរនាក់ទេ ។ ( សក្កៈទេវរាជពោលថា ) បុគ្គលគប្បីឲ្យវត្ថុតិច អំពីវត្ថុ តិច គួរឲ្យវត្ថុពាក់កណ្តាល អំពីវត្ថុពាក់កណ្តាល គួរឲ្យវត្ថុច្រើន អំពីវត្ថុច្រើន ការមិនឲ្យ មិនកើតទេ ។ ម្នាលកោសិយៈ ព្រោះហេតុនោះ យើងនិយាយ នឹងអ្នក ចូរអ្នកឲ្យនូវទានផង ចូរបរិភោគផង អ្នកចូរឡើងកាន់អរិយមគ្គ ព្រោះថា បុគ្គលអ្នកបរិភោគម្នាក់ឯង មិនបានសេចក្តីសុខទេ ។ ( ចន្ទទេវបុត្ត… ) បុគ្គលណា កាលបើភ្ញៀវអង្គុយហើយ បរិភោគនូវភោជនម្នាក់ឯង ការបូជារបស់បុគ្គលនោះ ជាការឥតអំពើ ទាំងការ ព្យាយាមជាហេតុឲ្យកើតទ្រព្យ ( របស់បុគ្គលនោះ ) ក៏ឥតអំពើដែរ ។ ម្នាល កោសិយៈ ព្រោះហេតុនោះ យើងនិយាយនឹងអ្នក ចូរអ្នកឲ្យទានផង ចូរបរិភោគផង ចូរឡើងកាន់អរិយមគ្គ ព្រោះថា បុគ្គលអ្នកបរិភោគម្នាក់ឯង មិន បានសេចក្តីសុខទេ ។ ( សុរិយទេវបុត្ត… ) បុគ្គលណា កាលបើភ្ញៀវអង្គុយហើយ មិនបរិភោគនូវភោជនម្នាក់ឯង ការបូជារបស់បុគ្គលនោះ ជាការបូជាពិតមែន ទាំងការព្យាយាមជាហេតុឲ្យកើតទ្រព្យ ( របស់បុគ្គលនោះ ) ក៏ជាការព្យាយាម ពិតមែន ។ ម្នាលកោសិយៈ ព្រោះហេតុនោះ យើងនិយាយនឹងអ្នក ចូរអ្នកឲ្យទានផង ចូរបរិភោគផង ចូរឡើងកាន់អរិយមគ្គ ព្រោះថា បុគ្គល អ្នកបរិភោគម្នាក់ឯង មិនបានសេចក្តីសុខទេ ។