អដ្ឋកថា សុធាភោជនជាតកទី ៣

ក្បាលទី 50 · ទំព័រ 757

[ ២៤៩-២៩៥ ] ព្រះសាស្តា កាលគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធ ភិក្ខុមានអធ្យាស្រ័យបំពេញទានមួយរូប ទើបត្រាស់ធម្មទេសនានេះ មាន ពាក្យផ្តើមថា នេវ កីណាមិន វិក្កិណាមិ ដូច្នេះជាដើម ។ បានឮថា ភិក្ខុរូបនោះ ជាកុលបុត្តម្នាក់ក្នុងនគរសាវត្ថី បានស្តាប់ព្រះ ធម្មទេសនារបស់ព្រះសាស្តា មានចិត្តជ្រះថ្លាហើយ ទើបចេញបួស ធ្វើសីល ឲ្យបរិបូណ៌ ប្រកបដោយធុតង្គគុណ មានមេត្តាចិត្តផ្សាយទៅក្នុងសព្រហ្មចារី ទាំងឡាយ ជាអ្នកមិនប្រមាទក្នុងការបម្រើព្រះពុទ្ធព្រះធម៌និងព្រះសង្ឃ មួយ ថ្ងៃ ៣ ដង ដល់ព្រមដោយមារយាទ មានអធ្យាស្រ័យក្នុងការឲ្យទាន បាន បំពេញសារាណីយធម៌គ្រប់បរិបូណ៌ហើយ ភិក្ខុរូបនោះ កាលបដិគ្គាហកៈទាំងឡាយ នៅមាន ក៏ឲ្យវត្ថុដែលខ្លួនបានហើយរហូតអស់ ទោះបីខ្លួនឯងត្រូវអត់ អាហារក៏ដោយ ព្រោះហេតុនោះទើបលោកប្រាកដក្នុងពួកភិក្ខុថា ជាអ្នកមាន អធ្យាស្រ័យក្នុងការឲ្យទាន ត្រេកអរក្រៃលែងក្នុងទាន ។ ថ្ងៃមួយ ភិក្ខុទាំងឡាយ សន្ទនាគ្នាក្នុងធម្មសភាថា នែអាវុសោទាំងឡាយ ភិក្ខុឈ្មោះនោះ ជា អ្នកមានអធ្យាស្រ័យក្នុងការឲ្យទាន ត្រេកអរក្រៃលែងហើយក្នុងទាន កាត់នូវ សេចក្តីលោភចេញបាន មានទឹកប្រមាណត្រឹមមួយទូកដៃ ដែលខ្លួនបានមក ក៏ប្រគេនដល់សព្រហ្មចារីទាំងឡាយរហូតអស់ មានអធ្យាស្រ័យដូចព្រះពោធិសត្វ ព្រះសាស្តាទ្រង់បានឮពាក្យនោះ ដោយព្រះសោតធាតុទិព្វ ទើបយាង ចេញពីព្រះគន្ធកុដិ ត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ អម្បាញ់មិញនេះ ពួក អ្នកអង្គុយប្រជុំសន្ទនាគ្នាដោយរឿងអ្វី កាលភិក្ខុទាំងនោះក្រាបទូលឲ្យទ្រង់ ជ្រាបថា បពិត្រព្រះអង្គ ដោយរឿងឈ្មោះនេះ ទើបទ្រង់ត្រាស់ថា ម្នាលភិក្ខុ ទាំងឡាយ ភិក្ខុនេះ ក្នុងកាលមុន ជាអ្នកមិនឲ្យ