មហាសុតសោមជាតកទី ៥
( សេនាបតីសួរថា ) ម្នាលរសកៈ ( នាយពិសេស ) ព្រោះហេតុអ្វី អ្នកធ្វើនូវអំពើដ៏លាមកក្រៃលែង ប្រាកដដូច្នេះ អ្នកជាបុគ្គល វង្វេង សម្លាប់ពួកស្រីនិងប្រុស ព្រោះហេតុសាច់ ឬព្រោះហេតុទ្រព្យ ។ ( នាយពិសេសជម្រាបថា ) ខ្ញុំសម្លាប់ មិនមែនព្រោះហេតុ ខ្លួនឯង មិនមែនព្រោះហេតុទ្រព្យ មិនមែនព្រោះហេតុកូនប្រពន្ធ ឬសម្លាញ់ និងញាតិទេ បពិត្រលោកដ៏ចម្រើន ព្រោះថា ព្រះភូមិបាលអ្នកមានបុណ្យជាម្ចាស់ នៃខ្ញុំ ទ្រង់សោយនូវសាច់ប្រាកដ ដូច្នេះ ។ ( សេនាបតី… ) បើអ្នកឯងខ្វល់ខ្វាយ ក្នុងកិច្ចរបស់ព្រះរាជាជា ម្ចាស់ ហើយធ្វើនូវអំពើដ៏លាមកក្រៃលែង អ្នកឯងលុះព្រឹកឡើង ចូលទៅ ខាងក្នុងព្រះរាជវាំងហើយ គប្បីនិយាយនូវដំណើរនោះប្រាប់ខ្ញុំក្នុងទីចំពោះ ព្រះភក្ត្រនៃព្រះរាជា ។ ( នាយពិសេស… ) បពិត្រសេនាបតីឈ្មោះ កាឡហត្ថីដ៏ ចម្រើន លោកនិយាយយាងណា ខ្ញុំនឹងធ្វើយ៉ាងនោះ ព្រឹកឡើងខ្ញុំនឹងចូលទៅ ខាងក្នុងព្រះរាជវាំង ហើយថ្លែងសេចក្តីនោះ ជម្រាបលោកក្នុងទីចំពោះព្រះភក្ត្រ នៃព្រះរាជា ។ ( អភិសម្ពុទ្ធគាថា ) គ្រានោះ កាលដែលវេលារាត្រីភ្លឺ ច្បាស់ ព្រះអាទិត្យរះឡើងប្រាកដ សេនាបតីឈ្មោះកាឡហត្ថី បាននាំរសកៈ ចូលទៅគាល់ព្រះរាជា លុះចូលទៅដល់ហើយ ក៏ក្រាបទូលពាក្យនេះ ចំពោះ ព្រះរាជាថា បពិត្រមហារាជ បានឮថា ព្រះអង្គប្រើរសកៈឲ្យទៅសម្លាប់ស្រី ប្រុស ព្រះអង្គទ្រង់សោយសាច់មែនឬ ។ ( ព្រះរាជា… ) ម្នាលកាឡហត្ថី ខ្ញុំបានប្រើរសកៈដូច្នោះ មែន ហេតុអ្វីអ្នកជេរប្រទេចរសកៈបុរស ដែលធ្វើប្រយោជន៍ឲ្យខ្ញុំនុ៎ះ ។