សុវណ្ណសាមជាតកទី ៣
ក្បាលទី 51 · ទំព័រ 22
ម្នាលភិក្ខុទាំងឡាយ ក្នុងអតីតកាល ព្រះរាជាព្រះនាមកាសិករាជ គ្រង រាជសម្បត្តិដោយធម៌ក្នុងនគរពារាណសី ទ្រង់មានស្នំប្រមាណ ១ ម៉ឺន ៦ ពាន់នាក់ បណ្តាស្នំទាំងនោះ ស្នំសូម្បីតែម្នាក់ក៏មិនមានបុត្រ ឬធីតាឡើយ កាលនោះ អ្នកនគរនាំគ្នាពោលថា ព្រះរាជារបស់ពួកយើង មិនមានព្រះ ឱរសសូម្បីតែមួយអង្គ ដែលនឹងបន្តវង្ស ទើបប្រជុំគ្នាត្រង់លានព្រះរាជវាំង ដោយន័យដែលពោលមកហើយ ក្នុងកុសរាជជាតកនោះឯង ក្រាបទូលព្រះរាជា ថា បពិត្រសម្មតិទេព សូមទ្រង់ប្រាថ្នាព្រះឱរសចុះ ព្រះរាជាទ្រង់ស្តាប់ ពាក្យអ្នកនគរនោះហើយ ត្រាស់ហៅស្រីស្នំទាំង ១ ម៉ឺន ៦ ពាន់ មកក្នុង ខណៈនោះហើយ មានព្រះតម្រាស់ថា នាងទាំងឡាយ ចូរប្រាថ្នាកូន ។