ចន្ទកុមារជាតកទី ៧

ក្បាលទី 51 · ទំព័រ 899

( អភិសម្ពុទ្ធគាថា ) ព្រះបាទឯករាជ អ្នកមានអំពើ អាក្រក់ នៅក្នុងក្រុងបុប្ផវតីនោះ សួររកផ្លូវទៅព្រហ្មលោក នឹង បរោហិតឈ្មោះខណ្ឌហាល ជាពូជពង្សព្រហ្ម ជាមនុស្សល្ងង់វង្វេង ថា ម្នាលព្រាហ្មណ៍ អ្នកជាមនុស្សឈ្លាសក្នុងធម៌វិន័យ សូមអ្នក ប្រាប់ផ្លូវស្ថានសួគ៌ តាមទំនងដែលពួកជន ធ្វើបុណ្យទាំងឡាយ ហើយចេញចាកលោកនេះ ទៅកាន់សុគតិ ដូច្នោះ ។ ( ខណ្ឌហាលព្រាហ្មណ៍បុរោហិតទូលថា ) បពិត្រ ព្រះទេវៈ ពួកជនធ្វើបុណ្យទាំងឡាយ ឲ្យទានដ៏ក្រៃលែង សម្លាប់ បុគ្គល ដែលមិនគួរសម្លាប់ទាំងឡាយ ហើយទៅកាន់សុគតិយ៉ាង នេះ ។ ( ព្រះបាទឯករាជ… ) ទានដ៏ក្រៃលែងន៎ុះដូចម្តេច ក្នុងលោកនេះ បុគ្គលទាំងឡាយដូចម្តេច ដែលមិនគួរសម្លាប់ ចូរ អ្នកប្រាប់សេចក្តីនុ៎ះដល់យើង យើងនឹងបូជា នឹងឲ្យទានទាំងឡាយ ។ ( ខណ្ឌហាលព្រាហ្មណ៍ … ) បពិត្រព្រះទេវៈ ព្រះអង្គ គប្បីបូជាដោយព្រះរាជបុត្តទាំងឡាយផង ដោយព្រះអគ្គមហេសី ទាំងឡាយផង ដោយអ្នកនិគម ( សេដ្ឋី ) ទាំងឡាយផង បពិត្រព្រះទេវៈ ព្រះអង្គគប្បីបូជាដោយគោឧសភ សេះអាជា- នេយ្យ បួនៗ ដោយពួកសត្វ បួនៗ ទាំងអស់ ។ សំឡេងគឹកកងតែមួយ សំឡេងគួរខ្លាច លាន់ឮឡើង ក្នុងវាំង ព្រោះឮព្រះរាជឱង្ការនោះថា ព្រះកុមារទាំងឡាយ និង ព្រះអគ្គមហេសីទាំងឡាយ ត្រូវសម្លាប់ ។ ( ព្រះរាជា … ) អ្នកទាំងឡាយ ចូរទៅប្រាប់កុមារ ទាំងឡាយ គឺចន្ទកុមារ ១ សុរិយកុមារ ១ ភទ្ទសេនកុមារ ១ សុរកុមារ ១ វាមគោត្តកុមារ ១ ថា អ្នកទាំងឡាយ ចូរមក ជួបជុំគ្នា ដើម្បីប្រយោជន៍ដល់ការបូជាយញ្ញ ។