អដ្ឋកថា ចន្ទកុមារជាតកទី ៧

ក្បាលទី 51 · ទំព័រ 929

[ ៣៨២-៤៤០ ] ព្រះសាស្តា កាលគង់នៅត្រង់ភ្នំគិជ្ឈកូដ ទ្រង់ប្រារព្ធ ភិក្ខុទេវទត្ត ទើបត្រាស់ព្រះធម្មទេសនានេះ មានពាក្យផ្តើមថា រាជាសិ លុទ្ទកកម្មោ ដូច្នេះជាដើម ។ រឿងរបស់ទេវទត្តនោះ មកហើយក្នុងសង្ឃភេទក្ខន្ធកៈនោះឯង ។ រឿង នោះ ចាប់តាំងពីពេលដែលលោកចេញបួសហើយ ដរាបដល់ការសោយ ទិវង្គតរបស់ព្រះបាទពិម្ពិសារ គប្បីជ្រាបដោយន័យដូចពោលហើយ ក្នុងទីនោះ ៗ ឯង ។ ឯទេវទត្ត កាលឲ្យផ្តាច់ព្រះជន្មព្រះបាទពិម្ពិសារហើយ ក៏ទៅគាល់ព្រះបាទ អជាតសត្តុ ទូលថា បពិត្រមហារាជ មនោរថរបស់ទ្រង់ ដល់ទីបំផុត ហើយ ចំណែកមនោរថរបស់អាត្មា មិនទាន់ដល់ទីបំផុតឡើយ ។ ព្រះរាជា បានស្តាប់ដូច្នោះ ទើបត្រាស់សួរថា បពិត្រលោកម្ចាស់ មនោរថរបស់លោក ម្ចាស់ដូចម្តេច ទេវទត្តទូលថា បពិត្រមហារាជ បើសម្លាប់ព្រះទសពលហើយ អាត្មានឹងធ្វើជាព្រះពុទ្ធ មិនមែនឬ ព្រះរាជាត្រាស់សួរថា ក្នុងរឿងនេះ ខ្ញុំគួរ ធ្វើដូចម្តេច ទេវទត្តទូលថា បពិត្រមហារាជ គួរឲ្យនាយខ្មាន់ធ្នូទាំងឡាយប្រជុំគ្នា ។ ព្រះរាជាទ្រង់ទទួលថា សាធុ ទើបឲ្យប្រជុំនាយខ្មាន់ធ្នូ ដែលជាអ្នក បាញ់មិនខុសទាំង ៥០០ ត្រកូល ហើយទ្រង់ចម្រាញ់យកតែ ៣១ នាក់ ត្រាស់ថា នែបាទាំងឡាយ ចូរពួកអ្នកធ្វើតាមពាក្យរបស់ព្រះថេរៈ ដូច្នេះហើយ ទើបបញ្ជូនទៅកាន់សម្នាក់ទេវទត្ត ។ ទេវទត្តហៅខ្មាន់ធ្នូដែលជាធំ ក្នុងបណ្តា ខ្មាន់ធ្នូទាំងនោះមកហើយ ប្រាប់យ៉ាងនេះថា អាវុសោ ព្រះសមណគោតម គង់នៅត្រង់ភ្នំគិជ្ឈកូដ ទ្រង់ចង្រ្កមក្នុងទីសម្រាកពេលថ្ងៃក្នុងទីនោះ ចូរឯង ទៅក្នុងទីនោះ បាញ់ព្រះសមណគោតមដោយព្រួញដែលលាបដោយថ្នាំពិស ឲ្យអស់ព្រះជន្មហើយ ចូរត្រឡប់មកតាមផ្លូវឈ្មោះនោះ កាលទេវទត្តបញ្ជូន នាយខ្មាន់ធ្នូដែលជាធំទៅ