អដ្ឋកថា មហានារទកស្សបជាតកទី ៨
[ ១-៥៩ ] ព្រះសាស្តាកាលគង់នៅក្នុងព្រៃត្នោតជំទង់ ទ្រង់ប្រារព្ធដល់ការ ដែលទ្រង់ទូន្មានឧរុវេលកស្សបៈ ត្រាស់ធម្មទេសនានេះ មានពាក្យផ្តើមថា អហុ រាជា វិទេហានំ ដូច្នេះ ។ នឹងពោលដោយពិស្តារ ដូចតទៅនេះថា ក្នុងកាលដែលព្រះសាស្តាទ្រង់ ប្រកាសធម្មចក្រដ៏ប្រសើរ ទ្រង់ទូន្មានជដិល ៣ នាក់បងប្អូន មានឧរុវេលកស្សបជដិលជាដើមចោមរោមដោយបុរាណជដិល ១០០០ នាក់ ទ្រង់យាង ទៅកាន់ឧទ្យានត្នោតជំទង់ដើម្បីដោះនូវប្តេជ្ញាដែលទ្រង់បានសន្យាដល់ព្រះបាទ ពិម្ពិសារដែលជាស្តេចផែនដីនៃមគធរដ្ឋ ។ ក្នុងកាលនោះព្រះបាទពិម្ពិសារ ស្តេចផែនដីនៃមគធរដ្ឋមួយអន្លើដោយបរិស័ទប្រមាណ ១២ ម៉ឺន យាងមក ថ្វាយបង្គំព្រះទសពលហើយគង់ប្រថាប់ ខណៈនោះព្រាហ្មណគហបតីក្នុងរាជ បរិស័ទកើតបរិវិតក្កឡើងថា ឧរុវេលកស្សបៈប្រព្រឹត្តព្រហ្មចរិយៈក្នុងសម្នាក់ ព្រះមហាសមណគោតម ឬព្រះមហាសមណគោតមប្រព្រឹត្តព្រហ្មចរិយៈក្នុង សម្នាក់ឧរុវេលកស្សបៈ ។ សម័យនោះព្រះមានព្រះភាគ ទ្រង់ជ្រាបបរិវិតក្កនៃចិត្តរបស់ពួកបរិស័ទ ទាំងនោះដោយព្រះហបឫទ័យ ទើបទ្រង់ព្រះតម្រិះថានឹងត្រូវប្រកាសភាវៈដែល កស្សបៈមកបួសក្នុងសម្នាក់របស់តថាគតឲ្យជនទាំងនេះដឹង ដូច្នេះហើយទើប ត្រាស់គាថានេះថា អ្នកឯងនៅក្នុងឧរុវេលាប្រទេស ជាអ្នកប្រដៅពួកតាបស តើ អ្នកឃើញអ្វីបានជាលះបង់ការបូជាភ្លើងចោលចេញ ។ ម្នាល កស្សប តថាគតសួរសេចក្តីនេះនឹងអ្នក ការបូជាភ្លើងដែល អ្នកលះបង់ហើយតើព្រោះហេតុអ្វី ។ ឯព្រះថេរៈក៏ជ្រាបពុទ្ធបំណងរបស់ព្រះសុគត ប្រាថ្នាសម្តែងហេតុ ទើប ក្រាបទូលថា ជនទាំងឡាយ តែងពោលសរសើរចំពោះនូវកាមទាំងឡាយ គឺរូប សំឡេងព្រមទាំងរសផង នូវស្រីទាំងឡាយផងព្រោះ ការបូជា ខ្ញុំព្រះអង្គដឹងថា កាមគុណមាន