អដ្ឋកថា វេស្សន្តរជាតកទី ១០
[ ២១២-៤៣៧ ] ព្រះសាស្តា កាលអាស្រ័យក្រុងកបិលពស្តុរាជធានី ទ្រង់គង់នៅនានិគ្រោធារាម ទ្រង់ប្រារព្ធភ្លៀងបោក្ខរព័ស៌ ត្រាស់ព្រះធម្មទេសនា នេះថា ផុស្សតី វរវណ្ណាភេ ដូច្នេះជាដើម ។ សេចក្តីពិស្តារថា ព្រះសាស្តាទ្រង់ញ៉ាំងធម្មចក្រដ៏ប្រសើរឲ្យប្រព្រឹត្តទៅ ហើយ ទ្រង់ចូលកាន់ក្រុងរាជគ្រឹះដោយលំដាប់ គង់នៅក្នុងក្រុងរាជគ្រឹះនោះ អស់ហិមន្តរដូវ មានព្រះឧទាយិត្ថេរជាមគ្គុទ្ទេសក៍ចោមរោមដោយព្រះខីណាស្រព ២ ម៉ឺនអង្គ ទ្រង់យាងដល់នគរកបិលពស្តុគ្រាដំបូងក្នុងកាលណា ក្នុង កាលនោះ សក្យរាជទាំងឡាយប្រជុំគ្នាដោយគិតថា ពួកយើងនឹងបានឃើញ សិទ្ធត្ថកុមារនេះ ដែលជាព្រះញាតិដ៏ប្រសើររបស់ពួកយើង ជ្រើសរើសទីគង់ របស់ព្រះសាស្តាក៏កំណត់គ្នាថា រាជឧទ្យានរបស់និគ្រោធសក្យរាជ គួរជាទី ត្រេកអរទើបធ្វើវិធីបដិបត្តិចាត់ចែងគ្រប់យ៉ាងក្នុងនិគ្រោធារាមនោះ កាន់យក គ្រឿងក្រអូប កម្រងផ្កានិងលំអិតជាដើមទទួលព្រះសាស្តា បញ្ជូនទារក ទារិកា ក្មេងៗ ប្រដាប់ដោយគ្រឿងអលង្ការទាំងពួងទៅមុន បន្ទាប់អំពីនោះទើបបញ្ជូន រាជកុមានិងរាជកុមារីទៅហើយយាងទៅឯង ក្នុងរវាងរាជកុមារារាជកុមារីទាំងនោះ បូជាព្រះសាស្តាដោយផ្កា គ្រឿងក្រអូបនិងលំអិតជាដើម នាំព្រះសាស្តា ទៅកាន់និគ្រោធារាមនោះឯង ។ ព្រះមានព្រះភាគមានព្រះខីណាស្រព ២ ម៉ឺន ចោមរោមគង់ត្រង់បវរពុទ្ធាសនៈ ដែលគេក្រាលទុកក្នុងនិគ្រោធារាមនោះ ។ កាលនោះស្តេចសក្យៈទាំងឡាយប្រកាន់ខ្លួន ជាអ្នករឹងត្អឹងគិតគ្នាថា សិទ្ធត្ថកុមារ នេះក្មេងជាងពួកយើង ជាប្អូន ជាក្មួយ ជាកូន ជាចៅរបស់ពួកយើង ទើប ពោលនឹងព្រះរាជកុមារកំលោះៗទាំងនោះថា អ្នកទាំងឡាយចូរថ្វាយ បង្គំព្រះមាន ព្រះភាគ ពួកយើងអង្គុយខាងក្រោយពួកអ្ន