មានស្មារតីដោយហេតុ៤
ព្រោះការរពឫករឿយៗចំពោះឧបសមៈ គឺនិព្វាន ។ កិរិយារពឫក រពឫករឿយៗ រពឫកចំពោះឈ្មោះថាសតិ ភាពនៃកិរិយារពឫក ភាពនៃកិរិយាចាំទុក ភាព នៃកិរិយាមិនភ្លេចភ្លាំង ភាពនៃកិរិយាមិនវង្វេងឈ្មោះថាសតិ សតិន្ទ្រិយ សតិ ពល សម្មាសតិ សតិសម្ពោជ្ឈង្គ ឯកាយនមគ្គ ( ផ្លូវជាទីប្រព្រឹត្តទៅនៃបុគ្គល ម្នាក់ឯង ) នេះ លោកហៅថា សតិ ។ បុគ្គលណា កៀកកើយ អែបនែប ចូលទៅជិត ចូលផ្តេកផ្តិច មូលមិត្ត បរិបូណ៌ ប្រកបដោយសតិនេះ បុគ្គល នោះ លោកហៅថា អ្នកមានស្មារតី ។ ពាក្យថា បុគ្គលនោះ ជាអ្នកមានស្មារតី រមែងកន្លងនូវវិសត្តិកាតណ្ហានេះ ក្នុងលោក សេចក្តីថា តណ្ហាឈ្មោះវិសត្តិកាណាក្នុងលោក បុគ្គលមានស្មារតី រមែងឆ្លង ឆ្លងឡើង ឆ្លងកាត់ ឈានកន្លង ប្រព្រឹត្តកន្លងនូវតណ្ហា ឈ្មោះវិសត្តិកា នេះក្នុងលោក ហេតុនោះ ( ទ្រង់ត្រាស់ថា ) បុគ្គលនោះ ជាអ្នកមានស្មារតី រមែងកន្លងនូវវិសត្តិកាតណ្ហានេះក្នុងលោក ។ ហេតុនោះ ព្រះមានព្រះភាគ ត្រាស់ថា បុគ្គលណា វៀរកាមទាំងឡាយ ដូចបុគ្គលវៀរក្បាលពស់ ដោយជើង បុគ្គលនោះ ជាអ្នកមានស្មារតី រមែងកន្លងនូវ វិសត្តិកាតណ្ហានេះក្នុងលោក ។ ជនណា ប្រាថ្នារឿយៗនូវស្រែ ទីកន្លែង ប្រាក់ គោ សេះ ទាសៈនឹងពួកបុរស ស្ត្រី ផៅពង្ស ឬកាមទាំងឡាយច្រើន ។ អធិប្បាយពាក្យថា ស្រែ ទីកន្លែង ប្រាក់ ត្រង់ពាក្យថា ស្រែ គឺស្រែស្រូវសាលី ស្រែស្រូវធម្មតា ចម្ការសណ្តែកបាយ ចម្ការសណ្តែករាជ មាស ស្រែស្រូវដំណើប ស្រែស្រងែ ចម្ការល្ង ។ ពាក្យថា ទីកន្លែង គឺទីផ្ទះ ទីជង្រុក ទីមុខ ( ផ្ទះ ) ទីក្រោយ ( ផ្ទះ ) ទីសួន ទីកន្លែងនៅ ។ កហាបណ លោកហៅថា ប្រាក់ ក្នុងបទថា ប្រាក់ ហេតុនោះ ( ទ្រង់ត្រាស់ថា ) ស្រែ ទីកន្លែង ប្រាក់ ។