ភិក្ខុមានបាបធម៌ជាអន្តេវាសិក
ឯណាប្រកបដោយកោសជ្ជៈ សម្បយុត្តដោយកោសជ្ជៈ ដូច្នេះ អធិប្បាយថា លាយឡំហើយដោយកោសជ្ជៈដែលកើតក្នុងចន្លោះ ។ មកក្នុងអត្ថថា អារម្មណ៍ គប្បីជ្រាបក្នុងពាក្យនេះថា លាភី ហោតិ រូបសហគតានំ វា សមាបត្តីនំ អរូបសហគតានំ វា សមាបត្តិនំ ជាអ្នក បានសមាបត្តិដែលសហគតដោយរូប ឬសមាបត្តិដែលសហគតដោយអរូប ដូច្នេះ អធិប្បាយថា សមាបត្តិមានរូបជាអារម្មណ៍ សមាបត្តិមានអរូបជា អារម្មណ៍ ។ មកក្នុងអត្ថថា អាស្រ័យ គប្បីជ្រាបក្នុងពាក្យនេះថា អដ្ឋិកសញ្ញាសហគតំ សតិសម្ពោជ្ឈង្គំ ភាវេតិ ( ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ) ចម្រើនសតិសម្ពោជ្ឈង្គ ប្រកបដោយអដ្ឋិកសញ្ញា ដូច្នេះ អធិប្បាយថា សតិ សម្ពោជ្ឈង្គ ដែលព្រះយោគាវចរបានហើយ ព្រោះអាស្រ័យអដ្ឋិកសញ្ញា ព្រោះ ចម្រើនអដ្ឋិកសញ្ញា ។ មកក្នុងអត្ថថា ច្រឡូកច្រឡំ គប្បីជ្រាបក្នុងពាក្យនេះថា សេចក្តីសុខនេះ ជាធម្មជាតប្រព្រឹត្តទៅជាមួយ កើតជាមួយ ច្រឡំ ប្រកបដោយបីតិនេះ ដូច្នេះ អធិប្បាយថា លាយឡំ ។ ក្នុងទីនេះ សព្ទថា សហគត ប្រើក្នុងអត្ថថា លាយឡំ ។ បទថា សហជាត មកក្នុងអត្ថថា កើតរួម ដូចក្នុងពាក្យនេះថា សហជាតំ បុរេជាតំ បច្ឆាជាតំ ។ សព្ទថា សំសដ្ឋ មកក្នុងអត្ថថា ច្រឡូកច្រឡំ ដូចក្នុងប្រយោគជាដើម ថា គិហីហិ សំសដ្ឋោ ជាអ្នកច្រឡូកច្រឡំដោយពួកគ្រហស្ថ ដូច្នេះ ។ មកក្នុងអត្ថថា ដូចគ្នា ដូចក្នុងប្រយោគជាដើមថា កិសេ ថូលេ វិវជ្ជេត្វា សំសដ្ឋា យោជិតា ហយា អ្នកទាំងឡាយ ត្រូវវៀរបង់នូវពួកសេះស្គមនិង សេះធាត់ចេញហើយទឹមតែពួកសេះដែលប្រកប ( ដោយវ័យ សម្បុរ សន្ទុះ កម្លាំង ) វិញ ដូច្នេះ ។