ភិក្ខុមានបាបធម៌ជាអាចារ្យ

ក្បាលទី 53 · ទំព័រ 25

អ្នកវង្វេង រមែងមិនឃើញធម៌ មោហៈគ្របសង្កត់ជនណា សេចក្តីឈឹងសូន្យ ( នៃជននោះ ) ក៏រមែងមានក្នុងកាលនោះ។ អន្តរាយ ព្រោះហេតុអាស្រ័យក្នុងសរីរៈនោះ យ៉ាងនេះខ្លះ ។ ន័យមួយទៀត ពាក្យនេះ ព្រះមានព្រះភាគត្រាស់ថា បពិត្រមហារាជ បុរិសធម៌ ( ធម៌របស់បុរស ) ៣ កាលកើតឡើង រមែងកើតឡើងដើម្បី មិនជាប្រយោជន៍ ដើម្បីទុក្ខ ដើម្បីការនៅមិនសប្បាយ ។ បុរិសធម៌ ៣ តើ ដូចម្តេច ។ បពិត្រមហារាជ លោភៈជាបុរិសធម៌ កាលកើតឡើង រមែង កើតឡើង ដើម្បីមិនជាប្រយោជន៍ ដើម្បីទុក្ខ ដើម្បីការនៅមិនសប្បាយ បពិត្រ មហារាជ ទោសៈ ជាបុរិសធម៌ កាលកើតឡើង រមែងកើតឡើង ដើម្បី មិនជាប្រយោជន៍ ដើម្បីទុក្ខ ដើម្បីការនៅមិនសប្បាយ បពិត្រមហារាជ មោហៈ ជាបុរិសធម៌ កាលកើតឡើង រមែងកើតឡើង ដើម្បីមិនជាប្រយោជន៍ ដើម្បី ទុក្ខ ដើម្បីការនៅមិនសប្បាយ ។ បពិត្រមហារាជ បុរិសធម៌ ៣ នេះឯង កាលកើតឡើង រមែងកើតឡើងដើម្បីមិនជាប្រយោជន៍ ដើម្បីជាទុក្ខ ដើម្បី ការនៅមិនសប្បាយ ។ លោភៈ ទោសៈ និងមោហៈ កើតអំពីខ្លួន រមែងបៀតបៀន នូវបុរស អ្នកមានចិត្តអាក្រក់ ដូចជាឈើមានសម្បកជាខ្លឹម ( ឫស្សី ) ដែលវិនាសដោយសារផ្លែរបស់ខ្លួន ។ អន្តរាយ ព្រោះហេតុអាស្រ័យក្នុងសរីរៈនោះ យ៉ាងនេះខ្លះ ។ មួយវិញទៀត ពាក្យនោះ ព្រះមានព្រះភាគត្រាស់ថា រាគៈនិងទោសៈ មានអត្តភាពនេះជាហេតុ សេចក្តីមិនត្រេកអរ និងសេចក្តីត្រេកអរ និងការព្រឺរោម កើតអំពីអត្តភាពនេះ មនោវិតក្កៈទាំងឡាយតាំងឡើងហើយអំពីអត្តភាពនេះ លែង ទៅ ( នូវចិត្ត ) ដូចជាកុមារចងបន្លាយនូវក្អែក ។ អន្តរាយ ព្រោះហេតុអាស្រ័យក្នុងសរីរៈនោះ យ៉ាងនេះខ្លះ ។