វត្ថុនៃភវសាតៈដោះបានដោយក្រ

ក្បាលទី 53 · ទំព័រ 56

ទើបពោលពាក្យជាដើមថា កតមេ វត្ថុកាមា ដូច្នេះ ជាដើម ។ បណ្តាបទទាំងនោះ បទថា កតមេ ជាកថេតុកម្យតាបុច្ឆា ។ សេចក្តីពិត បុច្ឆាមាន ៥ យ៉ាង វិភាគនៃបុច្ឆាទាំងនោះ នឹងមានច្បាស់ក្នុងបាលីខាងមុខ នោះឯង ។ បណ្តាបុច្ឆា ៥ យ៉ាងនោះ នេះជាកថេតុកម្យតាបុច្ឆា ។ បណ្តាបទទាំងនោះ បទថា មនាបិកា សេចក្តីថា ឈ្មោះថា មនាប ព្រោះ អត្ថថា ញ៉ាំងចិត្តឲ្យត្រេកអរ គឺឲ្យចម្រើន មនាបានោះឯងជាមនាបិកា ។ បទថា រូប បានដល់ រូបារម្មណ៍ ដែលមានសមុដ្ឋាន ៤ គឺកម្ម ចិត្ត ឧតុ អាហារ ឈ្មោះថា រូប ព្រោះអត្ថថា បែកធ្លាយ អធិប្បាយថា កាលវណ្ណរូប ប្រែប្រួលទៅ រមែងសម្តែងដល់ហទយៈ ។ បណ្តាវត្ថុកាមទាំងនោះ ឈ្មោះថា រូប ព្រោះអត្ថដូចម្តេច ព្រោះអត្ថថា បែកធ្លាយ សមដូចព្រះដ៏មានព្រះភាគត្រាស់ទុក ( ក្នុងសំយុត្តនិកាយខន្ធវារ វគ្គ ) ថា ម្នាលភិក្ខុទាំងឡាយ ចុះអ្នកទាំងឡាយហៅថា រូប តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយរបស់ណាវិនាស របស់នោះ ហៅថា រូប ។ ចុះវិនាសដោយអ្វី ។ វិនាសដោយត្រជាក់ក៏មាន វិនាស ដោយក្តៅក៏មាន វិនាសដោយគម្លានក៏មាន វិនាសដោយ សម្រេកក៏មាន វិនាសដោយសម្ផស្សនៃរបោម មូស ខ្យល់ និងកម្តៅថ្ងៃ ពស់តូចពស់ធំក៏មាន ។ ម្នាលភិក្ខុទាំងឡាយ របស់ណាវិនាស របស់នោះ ហៅថា រូប ដូច្នេះ ។ បណ្តាពាក្យទាំងនោះ ពាក្យថា វិនាស សេចក្តីថា រមែងកម្រើក គឺរមែង ញាប់ញ័រ ត្រូវបៀតបៀន បែកធ្លាយ ។ ការវិនាសដោយរងា ប្រាកដក្នុង លោកន្តរនរក ការរងាប្រាកដក្នុងប្រទេសដែលរងា ដែលមានសន្សើមធ្លាក់ មានមហិស្សរដ្ឋជាដើម ក្នុងមហិស្សរដ្ឋជាដើមនោះ សត្វទាំងឡាយមានសរីរៈ វិនាសព្រោះរងា គឺដល់នូវការស្លាប់ក៏មាន ។