កាម២យ៉ាង
បទថា រូបវចរា ធម្មា សេចក្តីថា ធម៌ទាំងអស់ ជារូបាវចរធម៌ដោយ អំណាចនៃរូបាវចរធម៌ ដែលពោលទុកដោយន័យជាដើមថា ខាងក្រោមមាន ព្រហ្មលោកជាទីបំផុត ។ បទថា អរូបវចរា ធម្មា សេចក្តីថា ធម៌ទាំងអស់ដែលពោលទុកដោយ ន័យជាដើមថា ខាងក្រោមចាប់ពីពួកទេវតាដែលចូលដល់អាកាសានញ្ចាយតនៈ ដូច្នេះ ជាអរូបាវចរធម៌ ។ បណ្តាធម៌ ២ យ៉ាងនោះ ឈ្មោះថា រូបាវចរធម៌ ព្រោះអត្ថថា អន្ទោល ទៅក្នុងរូបភព ។ ឈ្មោះថា អរូបាវចរធម៌ ព្រោះអត្ថថា អន្ទោលទៅក្នុង អរូបភព ។ បទថា តណ្ញាវត្ថុកា សេចក្តីថា ជាទីតាំងនៃតណ្ហា ព្រោះអត្ថថា ជាទីតាំង និងព្រោះអត្ថថា ជាហេតុ ។ បទថា តណ្ញារម្មណា សេចក្តីថា ជាអារម្មណ៍នៃតណ្ហា ដោយអំណាច នៃការប្រព្រឹត្តទៅនៃតណ្ហា ហួងហែងនូវធម៌ទាំងនោះ ។ បទថា កាមនីយដ្ឋេន បានដល់ ព្រោះអត្ថថា គប្បីសង្ឃឹមចំពោះ ។ បទថា រជនីយដ្ឋេន បានដល់ ព្រោះអត្ថថា គួរត្រេកអរ ។ បទថា មទនីយដ្ឋេន ព្រោះអត្ថថា ជាទីកើតឡើងនៃការស្រវឹង មានការស្រវឹងត្រកូលជាដើម ។ ក្នុងនិទ្ទេសនេះ ព្រះសារីបុត្តត្ថេរពោលពាក្យជាដើមថា កតមេ វត្ថុកាមា មនាបិកា រូប ហើយពោលពាក្យចុងក្រោយថា យំកិញ្ចិ រជនីយវត្ថុ ដូច្នេះ ពោលដល់ទាំងវត្ថុដែលមានវិញ្ញាណនិងមិនមានវិញ្ញាណ ពាក្យដ៏សេសគប្បី ជ្រាបថាតិកៈ ៦ ដែលលើសទៅទៀត ៤ ពួក មួយពួក ។ ព្រះសារីបុត្តត្ថេរ សម្តែងវត្ថុកាមយ៉ាងនោះហើយ ដើម្បីសម្តែងកិលេសកាម ទើបពោលពាក្យ ជាដើមថា កតមេ កិលេសកាមា ដូច្នេះ ។ បណ្តាបទទាំងនោះ បទថា ឆន្ទោ បានដល់ តម្រេកយ៉ាងទន់ ។ បទថា រាគោ បានដល់ តម្រេកដែលខ្លាំងក្លាជាងការពេញចិត្តនោះ ។