អដ្ឋកថា គុហដ្ឋកសុត្តនិទ្ទេសទី ២

ក្បាលទី 53 · ទំព័រ 268

ក្នុងគុហដ្ឋកសុត្តនិទ្ទេសទី ២ មានវិនិច្ឆ័យដូចតទៅនេះថា បទថា សត្តោ បានដល់ អ្នកជាប់ចំពាក់ ។ បទថា គុហាយំ បានដល់ ក្នុងកាយ ។ កាយលោកហៅថា គុហា ព្រោះជាបន្ទប់ គឺលំនៅ របស់កិលេសកាចៗ មានរាគៈជាដើម ។ បទថា ពហុនាភិឆន្នោ បានដល់ ដែលកិលេសមានរាគៈជាដើមបិទបាំង ដោយបទនេះ លោកពោលដល់ចំណងខាងក្នុង ។ បទថា តិដ្ឋំ បានដល់ តាំងនៅដោយអំណាចរាគៈជាដើម ។ កាមគុណលោកពោលថា មោហន ក្នុង បទថា មោហនស្មឹ បគាឡោ ។ ព្រោះថា ទេវតានិងមនុស្សទាំងឡាយរមែង វង្វេងក្នុងកាមគុណនេះ ទើបជាបុគ្គលឈមចុះក្នុងកាមគុណទាំងនោះ ។ ដោយ បទថា មោហនស្មឹ បគាឡោ នេះ លោកពោលដល់ចំណងខាងក្រៅ ។ បទថា ទូរេ វិវេកា ហិ តថាវិធោ សោ សេចក្តីថា នរជននោះ ដែល មានយ៉ាងនោះ ជារូបនៅឆ្ងាយ គឺមិនជិតអំពីវិវេកទាំង ៣ មានកាយវិវេកជាដើម ។ ព្រោះហេតុអ្វី ព្រោះកាមទាំងឡាយក្នុងលោកមិនជារបស់ដែលនរជន លះបានដោយងាយ លោកអធិប្បាយថា ព្រោះកាមទាំងឡាយក្នុងលោក រមែងមិនជារបស់ដែលនរជនលះបានងាយឡើយ ។ បទថា សត្តោតិ ហិ ខោ វុត្តំ សេចក្តីថា ពាក្យថា សត្តោ ព្រះអង្គ ត្រាស់ហើយ ដោយន័យជាដើមយ៉ាងនេះថា សត្វ នរជន មាណព ។ ក្នុង ពុទ្ធវចនៈថា គុហាយ ព្រះសារីបុត្តត្ថេរ អធិប្បាយថា បទថា គុហា តាវ វត្តព្វា សេចក្តីថា គួរពោលដល់គុហាមុន ។ បទថា កាយោតិ វា ជាដើម ប្រកបបទដូច្នេះមុនថា កាយក្តី គុហាក្តី ។ បេ ។ ឆ្នាំងក្តី ។ បណ្តាបទទាំងនោះ បទថា កាយោ បានពោលទុកហើយក្នុងសតិប្បដ្ឋាន កថាខាងដើម ដោយន័យជាដើមថា ឈ្មោះថា កាយ ព្រោះអត្ថថា ជាទីប្រជុំ នៃវត្ថុគួរខ្ពើមទាំងឡាយ ។