មុនិ៦យ៉ាង
ឈ្មោះថា បលិគេធោ ព្រោះអត្ថថា ត្រេកអរគ្រប់យ៉ាង ឬតាមចំណែក ។ ឈ្មោះថា សង្គោ ព្រោះអត្ថថា ជាគ្រឿងជាប់ជំពាក់របស់ពួកសត្វ ម្យ៉ាងទៀត ឈ្មោះថា សង្គោ ព្រោះអត្ថថា ជាគ្រឿងជាប់ជំពាក់ ។ ឈ្មោះថា បង្កោ ព្រោះអត្ថថា លិចចុះ ។ ឈ្មោះថា ឯជា ព្រោះអូស ទាញ សមដូចពាក្យដែលលោកពោលទុកថា តណ្ហា ឈ្មោះថា ឯជា រមែង អូសទាញបុរសនេះ ដើម្បីកើតឡើងក្នុងភពនោះៗឯង ។ ឈ្មោះថា មាយា ព្រោះអត្ថថា បោកបញ្ឆោត ។ ឈ្មោះថា ជនិកា ព្រោះអត្ថថា ញ៉ាំងសត្វទាំងឡាយឲ្យកើតក្នុងវដ្តៈ សម ដូចព្រះតម្រាស់ត្រាស់ទុក ( ក្នុងសំយុត្តនិកាយសគាថវគ្គ ) ថា តណ្ហាតែង ញ៉ាំងបុរសឲ្យកើត ចិត្តរបស់បុរសនោះ តែងស្ទុះទៅ ដូច្នេះ ។ ឈ្មោះថា សញ្ជននី ព្រោះអត្ថថា ញ៉ាំងសត្វឲ្យកើត ប្រកបទុកដោយទុក្ខ ។ ឈ្មោះថា សិព្វិនី ព្រោះអត្ថថា ជាប់ណែន ។ ព្រោះតណ្ហានេះ ដេរភ្ជាប់ គឺធ្វើសត្វឲ្យជាប់ណែនក្នុងវដ្តៈ ដោយអំណាចនៃចុតិនិងបដិសន្ធិ ដូចជាងដេរ ដេរសំពត់ចាស់ដោយសំពត់ចាស់ដូច្នោះ ទើបលោកពោលថា ឈ្មោះថា ដេរ ព្រោះអត្ថថា ជាប់ស្អិត ។ ឈ្មោះថា ជាលិនី ព្រោះអត្ថថា មានសំណាញ់ គឺអារម្មណ៍មានប្រការ មិនមែនតិច ឬសំណាញ់ ពោលគឺការប្រកាន់មាំដោយការអន្ទះអន្ទែងនៃ តណ្ហា ។ ឈ្មោះថា សរិតា ព្រោះអត្ថថា ដូចក្រសែទឹកដែលហូររហ័ស ព្រោះ អត្ថថា អូសទាញ ។ ម្យ៉ាងទៀត ឈ្មោះថា សរិតា ព្រោះអត្ថថា ទទឹក សមដូចព្រះតម្រាស់ដែលលោកពោលទុក ( ក្នុងធម្មបទ ) ថា សរិតានិ សិនេហិតានិ ច សោមនស្សានិ ភវន្តិ ជន្តុនោ សោមនស្សទាំងឡាយ ដែលផ្សាយទៅហើយផង ដែលប្រព្រឹត្តទៅដោយសេចក្តីស្រឡាញ់ផង រមែង មានដល់សត្វ ដូច្នេះ ។