សុទ្ធដ្ឋកសុត្តនិទ្ទេសទី ៤
( ព្រះមានព្រះភាគត្រាស់ថា ) អាត្មាអញឃើញ ( នូវរូប ) ដ៏បរិសុទ្ធ ឧត្តម មិនមានរោគ សេចក្តីបរិសុទ្ធដ៏ប្រពៃរបស់នរជន រមែងកើតមាន ដោយសាររូបដែលខ្លួនឃើញ បុគ្គលពាល អ្នកឃើញរឿយៗនូវការ បរិសុទ្ធ កាលដឹងច្បាស់យ៉ាងនេះ រមែងយល់ថា ( ការឃើញនេះ ) ឧត្តម ហើយជឿនូវការឃើញនោះ ថាជាញាណ ។ អធិប្បាយពាក្យថា អាត្មាអញឃើញ ( នូវរូប ) ដ៏បរិសុទ្ធ ឧត្តម មិនមានរោគ ត្រង់ពាក្យថា អាត្មាអញឃើញ ( នូវរូប ) ដ៏បរិសុទ្ធ គឺ អាត្មាអញឃើញ ( រូប ) បរិសុទ្ធ មើល ( រូប ) បរិសុទ្ធ ក្រឡេកមើល ( រូប ) បរិសុទ្ធ សម្លឹងមើល ( រូប ) បរិសុទ្ធ សង្កេតមើល ( រូប ) បរិសុទ្ធ ។ ពាក្យថា ឧត្តម មិនមានរោគ គឺឧត្តម ដល់នូវភាពមិនមានរោគ ដល់នូវសេចក្តីក្សេម ដល់នូវទីជ្រក ដល់នូវទីពឹងពំនាក់ ដល់នូវទីរពឫក ដល់ នូវការប្រព្រឹត្តទៅខាងមុខ ដល់នូវការមិនមានភ័យ ដល់នូវភាពទៀងទាត់ ដល់ នូវអមតៈ ដល់នូវភាពប្រាសចាកតណ្ហា ហេតុនោះ ( ទ្រង់ត្រាស់ថា ) អាត្មាអញ ឃើញ ( នូវរូប ) បរិសុទ្ធ ឧត្តម មិនមានរោគ ។ ពាក្យថា សេចក្តីបរិសុទ្ធដ៏ប្រពៃរបស់នរជន រមែងកើតមាន ដោយសាររូបដែលខ្លួនឃើញ សេចក្តីថា សេចក្តីស្អាត សេចក្តីស្អាតវិសេស សេចក្តីបរិសុទ្ធ ការផុត ការផុតស្រឡះ ការផុតដោយជុំវិញ របស់នរជនរមែង កើតមាន ឬនរជន ស្អាត ស្អាតវិសេស បរិសុទ្ធិផុត ផុតស្រឡះ ផុតដោយ ជុំវិញ ដោយសារការឃើញរូប ដោយចក្ខុវិញ្ញាណ ហេតុនោះ ( ទ្រង់ត្រាស់ ថា ) សេចក្តីបរិសុទ្ធដ៏ប្រពៃ របស់នរជនរមែងកើតមានដោយសាររូបដែល ខ្លួនឃើញ ។