អដ្ឋកថា ជរាសុត្តនិទ្ទេសទី ៦
ក្នុងជរាសុត្តនិទ្ទេសទី ៦ មានវិនិច្ឆ័យដូចតទៅនេះថា [ ១៨១-១៨២ ] បទថា អប្បំ វត ជីវិតំ ឥទំ សេចក្តីថា ជីវិតរបស់ មនុស្សទាំងឡាយនេះតិចតួច គឺបន្តិចបន្តួច ។ ពាក្យថា ធម្មជាតតាំងនៅតិច និងពាក្យថាកិច្ចរបស់ខ្លួនតិច មានន័យដូចពោលហើយក្នុងគុហដ្ឋកសូត្រ ។ បទថា ឱរំ វស្សសតាបិ មិយ្យតិ សេចក្តីថា រមែងស្លាប់ខាងក្នុង ១០០ ឆ្នាំ ក្នុងកាលជាកលលៈជាដើមក៏មាន ។ បទថា អតិច្ច សេចក្តីថា ច្រើនជាង ១០០ ឆ្នាំ ។ បទថា ជរសាបិ មិយ្យតិ សេចក្តីថា រមែងស្លាប់ព្រោះជរា សេចក្តីបន្តអំពីនេះ គប្បីកាន់យកដោយន័យ ដែលពោលហើយ ក្នុងអដ្ឋកថាគុហដ្ឋកសូត្រនោះឯង ។ បទថា អប្បំ បានដល់ តិចតួច ។ បទថា គមនីយោ សម្បរាយោ សេចក្តីថា ត្រូវទៅបរលោក ។ ឈ្មោះថា កលល ក្នុងបទថា កលលកាលេបិ នេះ សេចក្តី ថា ក្នុងខណៈបដិសន្ធិជាកលលៈថ្លា ប្រមាណបុនតំណក់ប្រេងដែលជាប់ត្រង់ ចុងសរសៃអំបោះដែលធ្វើអំពីរោមសត្វ ៣ សរសៃដែលលោកពោលទុកថា តំណក់ប្រេងល្ង មានពណ៌ថ្លា មិនល្អក់យ៉ាងណា រូបដែល មានពណ៌ដូចគ្នានោះ លោកហៅថា កលល ។ ក្នុងកាល ដែលជាកលលៈនោះខ្លះ ដូច្នេះ ។ បទថា ចវតិ សេចក្តីថា ឃ្លាតចាកជីវិត ។ បទថា មរតិ សេចក្តីថា ដល់នូវការប្រាសចាកជីវិត ។ បទថា អន្តរធាយតិ សេចក្តីថា ដល់នូវការឃើញ មិនបាន ។ បទថា វិប្បលុជ្ជតិ សេចក្តីថា ដាច់ អាចារ្យពួកខ្លះអធិប្បាយ យ៉ាងនេះថា ច្យុតទៅអំពីកំណើតអណ្ឌជៈ ស្លាប់អំពីកំណើតជលាពុជៈ បាត់បង់ ក្នុងកំណើតសំសេទជៈ វិនាសក្នុងកំណើតឱបបាតិកៈ ។ បទថា អព្វុទកាលេបិ សេចក្តីថា ឈ្មោះថា អព្វុទៈ រមែងមានពណ៌ដូចទឹកលាងសាច់ កាលនៅជា កលលៈបាន ៧ ថ្ងៃ ។