អដ្ឋកថា មាគណ្ឌិយសុត្តនិទ្ទេសទី ៩

ក្បាលទី 53 · ទំព័រ 903

ក្នុងមាគណ្ឌិយសុត្តនិទ្ទេសទី ៩ មានវិនិច្ឆ័យដូចតទៅនេះថា គប្បីជ្រាបអត្ថ ក្នុងគាថាដំបូងថា ត្រឹមតែការពេញចិត្តក្នុងមេថុន ក៏មិនមាន ព្រោះឃើញមារធីតា គឺនាងតណ្ហា នាងអរតីនិងនាងរាគាដែល និម្មិតរូបផ្សេងៗដែលគួរប្រាថ្នាក្រៃពេក ត្រង់គល់អជបាលនិគ្រោធ តើនឹងពេញចិត្ត ក្នុងមេថុន ព្រោះឃើញរូបដែលពេញដោយមូត្រនិងករីសរបស់ទារិកានេះ ដូចម្តេចកើត តថាគតមិនប្រាថ្នានឹងពាល់ត្រូវរូបនោះដោយប្រការទាំងពួងសូម្បី ដោយជើង ការនៅរួមជាមួយរូបនោះនឹងមានអំពីណា ។ បទថា មុត្តបុណ្ណំ សេចក្តីថា ពេញដោយមូត្រ ដែលពេញ ខាងក្នុងតម្រងបស្សាវៈ ដោយអំណាចនៃអាហារនិងរដូវ ។ បទថា ករីសបុណ្ណំ សេចក្តីថា ពេញដោយវច្ចៈដែលតាំងនៅខាងចុងពោះវេនោធំ កម្ពស់ ប្រមាណ ៨ អង្គុលី ត្រង់ចន្លោះផ្ចិតនិងឆ្អឹងខ្នងខាងក្រោយ ពោលគឺក្រពះ អាហារចាស់ ។ បទថា សេម្ញបុណ្ណំ សេចក្តីថា ពេញដោយស្លេស្មប្រមាណ មួយនាឡិ តាំងនៅក្នុងផ្ទៃពោះ ។ បទថា រុហិរបុណ្ណំ សេចក្តីថា ពេញដោយឈាម ២ យ៉ាង ពោលគឺ ឈាមដែលសន្សំទុកប្រមាណមួយបាត្រ ពេញចំណែកខាងក្រោមរបស់ថ្លើម ហើយហូរសន្សឹមៗ ទៅលើបេះដូង ទាចនិងសួត ធ្វើទាច បេះដូង ថ្លើម និង សួតឲ្យសើមតាំងនៅ ១ ពោលគឺឈាមដែលមានចលនាផ្សាយពេញសរីរៈ ដែលមានចិត្តគ្រប់គ្រង ដោយជ្រួតជ្រាបទៅតាមសរសៃឈាម វៀរសក់ រោម ក្រចក ធ្មេញ ដែលដុះផុតចេញអំពីសាច់និងស្បែកក្រិន ស្បែកស្ងួត តាំង នៅ ១ ។ បទថា អដ្ឋិសង្ឃាដំ សេចក្តីថា ក្នុងសរីរៈទាំងមូលជាប់តគ្នាហើយដោយ ឆ្អឹងជាង ៣០០ កំណាត់ តាំងនៅលើនៃឆ្អឹងទាំងឡាយផ្នែកខាងក្រោម ។