បុរាភេទសុត្តនិទ្ទេសទី ១០
( ព្រះពុទ្ធនិមិត្តសួរថា ) បុគ្គលមានការឃើញដូចម្តេច មាន សីលដូចម្តេចដែលព្រះអង្គហៅថា អ្នកស្ងប់ បពិត្រព្រះគោតម ព្រះអង្គដែល ខ្ញុំសួរហើយ សូមប្រាប់នូវនរជនដ៏ឧត្តមនោះ ។ អធិប្បាយពាក្យថា បុគ្គលមានការឃើញដូចម្តេច មានសីល ដូចម្តេចដែលព្រះអង្គហៅថា អ្នកស្ងប់ ត្រង់ពាក្យថា បុគ្គលមានការឃើញ ដូចម្តេច គឺបុគ្គលប្រកបដោយការឃើញដូចម្តេច ប្រាកដដូចម្តេច មានប្រការ ដូចម្តេច មានចំណែកប្រៀបដូចម្តេច ហេតុនោះ ( ទើបសួរថា ) បុគ្គលមាន ការឃើញដូចម្តេច ។ ពាក្យថា មានសីលដូចម្តេច គឺជាអ្នកប្រកបដោយសីល ដូចម្តេច ប្រាកដដូចម្តេច មានប្រការដូចម្តេច មានចំណែកដូចម្តេច ហេតុនោះ ( ទើបសួរថា ) មានការឃើញដូចម្តេច មានសីលដូចម្តេច ។ ពាក្យថា ដែលព្រះអង្គហៅថា អ្នកស្ងប់ គឺដែលព្រះអង្គពោលត្រាស់សម្តែងពណ៌នាបំភ្លឺ ថ្លែងថាជាអ្នកស្ងប់ ជាអ្នកស្ងប់ស្ងាត់ មានទុក្ខរលត់ ជាអ្នកស្ងប់រម្ងាប់ ។ ពាក្យថា បុគ្គលមានការឃើញដូចម្តេច គឺសួរចំពោះអធិប្បញ្ញា ។ ពាក្យថា មានសីលដូចម្តេច គឺសួរចំពោះអធិសីល ។ សួរចំពោះអធិចិត្តថា អ្នកស្ងប់ ហេតុនោះ ( ទើបសួរថា ) បុគ្គលមានការឃើញដូចម្តេច មានសីលដូចម្តេច ដែលព្រះអង្គហៅថាអ្នកស្ងប់ ។ អធិប្បាយពាក្យថា បពិត្រព្រះគោតម ព្រះអង្គដែលខ្ញុំ ( សួរ ហើយ ) សូមប្រាប់នូវនរជននោះ ត្រង់ពាក្យថា នោះ គឺខ្ញុំសួរចំពោះបុគ្គលណា អង្វរចំពោះបុគ្គលណា អារាធនាចំពោះបុគ្គលណា ញ៉ាំងព្រះអង្គឲ្យជ្រះថ្លា ចំពោះបុគ្គលណា ។ ព្រះពុទ្ធនិមិត្តនោះ ហៅព្រះពុទ្ធមានព្រះភាគតាមគោត្តថា បពិត្រព្រះគោតម ។