អដ្ឋកថា កលហវិវាទសុត្តនិទ្ទេសទី ១១

ក្បាលទី 54 · ទំព័រ 192

គប្បីជ្រាបវិនិច្ឆ័យក្នុងកលហវិវាទសុត្តនិទ្ទេសទី ១១ ដូចតទៅនេះថា បទថា កុតោ បហូតា កលហា វិវាទា សេចក្តីថា កិលេសទាំងនេះ គឺជម្លោះនិងវិវាទដែលជាចំណែកខាងដើមនៃជម្លោះនោះកើត អំពីណា ។ បទថា បរិទេវសោកា សហមច្ឆរា ច សេចក្តីថា សេចក្តីខ្សឹកខ្សួល សេចក្តីសោក សេចក្តីកំណាញ់កើតអំពីណា ។ បទថា មានាតិមានា សហបេសុណា ច បានដល់ មានះ អតិមានះនិងការញុះញង់ កើតមកអំពី ណា ។ បទថា តេ បានដល់ កិលេសទាំង ៨ យ៉ាងនោះ ។ បទថា តទិង្ឃ ព្រូហិ បានដល់ សូមទ្រង់ត្រាស់ប្រាប់ភាពដែលខ្ញុំទូលសួរនោះចុះ ខ្ញុំសូមដឹង សេចក្តីនោះ ។ បទថា ឥង្ឃ ត្រឹមតែជានិបាត មានអត្ថថា សំណូមពរ ។ បទថា ឯកេន អាការេន បានដល់ ដោយហេតុដូចគ្នា ។ បទថា អបរេន អាការេន បានដល់ ដោយហេតុដទៃ ។ បទថា អាគារិកា ទណ្ឌបសុតា បានដល់ គហបតីបៀតបៀនគ្នា ។ បទថា បព្វជិតា អាបត្តឹ អាបជ្ជន្តា បានដល់ បព្វជិតអ្នកមិនមានផ្ទះត្រូវអាបត្តិណាមួយក្នុងអាបត្តិ ៧ កង ។ បទថា កុតោ បហូតា គឺកើតមកអំពីណា ។ បទថា កុតោ ជាតា គឺបានអត្តភាពមកអំពីណា ។ បន្ថែមឧបសគ្គទៅជា កុតោ សញ្ជាតា ។ បទថា កុតោ និព្វត្តា សេចក្តីថា ដល់លក្ខណៈកើតឡើងអំពីណា ។ បន្ថែម ឧបសគ្គជា កុតោ អភិនិព្វត្តា ។ បទថា កុតោ បតុភូតា បានដល់ ជា របស់ប្រាកដមកអំពីណា ។ គប្បីជ្រាបសេចក្តីក្នុងបទថា កឹនិទានា គឺមាន អ្វីជានិទានជាដើមដូចតទៅនេះថា ឈ្មោះថា និទានំ ព្រោះប្រគល់ផលរបស់ ខ្លួន ឈ្មោះថា សមុទយោ ព្រោះជាហេតុតាំងឡើងនៃផល ។ ឈ្មោះថា ជាតិ ព្រោះជាហេតុកើតផល ។ ឈ្មោះថា បភវោ ព្រោះជាដែនកើតនៃផល ។ បទថា មូលំ បុច្ឆតិ សេចក្តីថា ព្រះពុទ្ធនិមិត្តទូលសួរដល់ហេតុនៃជម្លោះ ។