អដ្ឋកថា មហាវិយូហសុត្តនិទ្ទេសទី ១៣

ក្បាលទី 54 · ទំព័រ 306

គប្បីជ្រាបអត្ថក្នុងមហាវិយូហសុត្តនិទ្ទេសទី ១៣ ដូចតទៅនេះថា ក្នុងបទនេះថា យេកេចិមេ ទិដ្ឋិបរិព្វសានា ព្រះមានព្រះភាគ ទ្រង់ឲ្យព្រះពុទ្ធនិមិត្តទួលសួរព្រះអង្គ ហើយទើបត្រាស់ដោយន័យមុននោះឯង ដើម្បីទ្រង់ធ្វើសេចក្តីនោះឲ្យជាក់ច្បាស់ ដល់ទេវតាពួកខ្លះដែលមានគំនិតកើតឡើង ថា សមណព្រាហ្មណ៍ទាំងនេះមានកាប្រកាន់ក្នុងទិដ្ឋិ រមែងបានទទួលនិន្ទា តែម្យ៉ាងឬ ឬថារមែងបានទទួលនូវការសរសើរ អំពីសំណាក់របស់អ្នកប្រាជផង ដែរ ។ ក្នុងបទទាំងនោះ បទថា អន្វានយន្តិ សេចក្តីថា រមែងត្រូវនាំមកក្នុង កាលខាងក្រោយ រមែងនាំមករឿយៗ ។ បទថា និទ្ទមេវ អន្វេន្តិ បានដល់ រមែងចូលដល់ការតិះដៀល ។ ឥឡូវនេះព្រោះពួកមេលទ្ធិទាំងឡាយសូម្បីពោលថានេះបុណ្ណោះ ពិត រមែងបានទទួលនូវការសរសើរក្នុងកាលខ្លះ ក្នុងទីខ្លះ នៃផលរបស់វាទៈ គឺការសរសើរនោះ ជារបស់តិច មិនអាចស្ងប់កិលេស មានរាគៈជាដើមបាន នឹងពោលថ្វីដល់ផលទី ២ គឺផលនៃការនិន្ទា ព្រោះហេតុនោះព្រះមានព្រះភាគ កាលទ្រង់សម្តែងសេចក្តីនោះ ទើបត្រាស់គាថាឆ្លើយនេះមុន ផល គឺសេចក្តី សរសើរនុ៎ះមានបន្តិចបន្តួច មិនអាចដើម្បីស្ងប់រម្ងាប់បានទេ តថាគតពោលនូវ ផលនៃវិវាទថាមាន ២ ប្រការជាដើម ។ ក្នុងបទទាំងនោះ បទថា ទុវេ វិវាទស្ស ផលានិ បានដល់ និន្ទានិងសរសើរ ឬការឈ្នះនិងការចាញ់ជាដើម ដែលមានចំណែកស្មើគ្នាជាមួយនិន្ទានិងសរសើរ នោះ ។ បទថា ឯតម្បិ ទិស្វា បានដល់ ឃើញទោសក្នុងផលនៃវិវាទនោះ ថា និន្ទាជាវត្ថុមិនគួរប្រាថ្នាឡើយ ជារបស់តិចមិនគ្រប់គ្រាន់ដើម្បីស្ងប់កិលេស បានទេ ។