តុវដកសុត្តនិទ្ទេសទី ១៤
( ព្រះពុទ្ធនិមិត្តពោលថា ) ខ្ញុំសូមសួរនូវវិវេកផង សន្តិបទផង ចំពោះព្រះអង្គ ជាអាទិច្ចពន្ធុ ទ្រង់ស្វែងរកគុណដ៏ធំ ភិក្ខុឃើញដូចម្តេចហើយ ញ៉ាំងកិលេសឲ្យរលត់ ទើបមិនប្រកាន់នូវរបស់អ្វីក្នុងលោក ។ អធិប្បាយពាក្យថា ខ្ញុំសូមសួរចំពោះព្រះអង្គ ជាអាទិច្ចពន្ធុ ត្រង់ ពាក្យថា សួរ បានដល់ ការសួរ ៣ គឺការសួរជាគ្រឿងបំភ្លឺនូវធម៌ដែលមិនទាន់ ឃើញ ការសួរជាគ្រឿងប្រៀបធៀបនូវធម៌ ដែលឃើញហើយ ការសួរជា គ្រឿងកាត់សេចក្តីសង្ស័យ ។ ការសួរជាគ្រឿងបំភ្លឺនូវធម៌ ដែលមិនទាន់ឃើញ តើដូចម្តេច ។ លក្ខណៈ ដែលបុគ្គលមិនដឹង មិនឃើញ មិនថ្លឹង មិនត្រិះរិះ មិនប្រាកដ មិនជាក់ច្បាស់ តាមប្រក្រតី បុគ្គលសួរនូវប្រស្នា ដើម្បីការដឹង ការឃើញ ការថ្លឹង ការត្រិះរិះ ដើម្បីជាក់ច្បាស់នូវលក្ខណៈនោះ នេះការសួរជាគ្រឿងបំភ្លឺនូវធម៌ដែលមិនទាន់ ឃើញហើយ ។ ការសួរជាគ្រឿងប្រៀបធៀបនូវធម៌ ដែលឃើញហើយ តើដូចម្តេច ។ លក្ខណៈដែលបុគ្គលដឹង ឃើញ ថ្លឹង ត្រិះរិះ ប្រាកដ ជាក់ច្បាស់ហើយដោយ ប្រក្រតី បុគ្គលសួរប្រស្នា ដើម្បីប្រយោជន៍ដល់ការប្រៀបធៀប ជាមួយនឹង បណ្ឌិតទាំងឡាយដទៃ នេះការសួរជាគ្រឿងប្រៀបធៀបនូវធម៌ ដែលឃើញ ហើយ ។ ការសួរជាគ្រឿងកាត់សេចក្តីសង្ស័យ តើដូចម្តេច ។ បុគ្គលនៅក្នុងការ សង្ស័យ នៅក្នុងសេចក្តីងឿងឆ្ងល់ ដោយប្រក្រតីបែកទៅជាពីរថា យ៉ាងនេះ ឬហ្ន៎ មិនមែនយ៉ាងនេះឬហ្ន៎ ដូចម្តេចហ្ន៎ ដោយប្រការដូចម្តេចហ្ន៎ បុគ្គលនោះ ក៏សួរប្រស្នា ដើម្បីប្រយោជន៍ ដល់ការកាត់សេចក្តីងឿងឆ្ងល់នេះ ការសួរជា គ្រឿងកាត់សេចក្តីងឿងឆ្ងល់ ។