ចក្ខុ៥យ៉ាង

ក្បាលទី 54 · ទំព័រ 220

ពោលពាក្យតែបែបមួយ បែរជាពោលផ្សេងៗ ពោលនូវប្រការផ្សេងៗ ពោល ដោយឡែកពីគ្នា ពោល ថ្លែង ពណ៌នា ពន្យល់ អធិប្បាយច្រើនបែបទៅវិញ ហេតុនោះ ( ទ្រង់ត្រាស់សួរថា ) ព្រោះហេតុអ្វី សមណព្រាហ្មណ៍ទាំងឡាយ មិនពោលពាក្យតែបែបមួយ ។ ហេតុនោះព្រះពុទ្ធនិមិត្តនោះត្រាស់សួរថា សមណព្រាហ្មណ៍ពួកខ្លះបានពោលពាក្យណា ថាជាពាក្យទៀង ជាពាក្យពិត សមណព្រាហ្មណ៍ទាំងឡាយដទៃទៀត បែរជា ពោលពាក្យនោះថាជាពាក្យទទេ ជាពាក្យកុហកវិញ សមណព្រាហ្មណ៍ទាំងឡាយប្រកាន់យ៉ាងនេះហើយ រមែងទាស់ទែងគ្នា ព្រោះហេតុអ្វីសមណៈទាំងឡាយ មិនពោលពាក្យតែបែបមួយ ។ ( ព្រះមានព្រះភាគត្រាស់ថា ) សត្វដឹងច្បាស់នូវសច្ចៈណា មិន គប្បីទាស់ទែងគ្នា សច្ចៈ ( នោះ ) មានតែមួយមិនមានជាគម្រប់ពីរទេ សមណព្រាហ្មណ៍ទាំងឡាយនោះ តែងពោលតាមទំនើងខ្លួនឯង នូវសច្ចៈទាំងឡាយ ផ្សេងៗគ្នា ព្រោះហេតុនោះបានជាសមណៈទាំងឡាយ មិនពោលពាក្យតែបែប មួយ ។ ពាក្យថា សច្ចៈ ( នោះ ) មានតែមួយ មិនមានជាគម្រប់ ពីរទេ អធិប្បាយថា ទុក្ខនិរោធនិព្វាន លោកហៅថាសច្ចៈមួយ បានខាងសេចក្តី រម្ងាប់សង្ខារទាំងពួង កិរិយារលាស់ឧបធិទាំងពួង កិរិយាអស់តណ្ហា ការប្រាសចាក តម្រេក កិរិយារលត់ ព្រះនិព្វាន ។ ឬថា ដែលហៅថាសច្ចៈមួយសំដៅ យកមគ្គសច្ចៈ និយ្យានសច្ចៈ ទុក្ខនិរោធគាមិនីបដិបទា មគ្គមានអង្គ ៨ ដ៏ ប្រសើរ គឺសេចក្តីយល់ត្រូវ ១ សេចក្តីត្រិះរិះត្រូវ ១ វាចាត្រូវ ១ ការងារត្រូវ ១ ការចិញ្ចឹមជីវិតត្រូវ ១ ការព្យាយាមត្រូវ ១ សេចក្តីរពឫកត្រូវ ១ ការតម្កល់ ចិត្តត្រូវ ១ ហេតុនោះ ( ទ្រង់ត្រាស់ថា ) សច្ចៈនោះមានតែមួយ មិនមានជា គម្រប់ពីរទេ ។