លោកមិនភ្លឺស្វាង

ក្បាលទី 55 · ទំព័រ 75

( បុណ្ណកៈមានអាយុ ក្រាបទូលសួរថា ) យើងខ្ញុំមក ដោយត្រូវការសួរប្រស្នា ចំពោះព្រះអង្គ ជាបុគ្គលមិនមានការ ញាប់ញ័រ ទ្រង់ឃើញនូវមូល ចុះពួកមនុស្ស គឺឥសី ក្សត្រ និង ព្រាហ្មណ៍ច្រើននាក់ ក្នុងលោកនេះ អាស្រ័យអ្វី ទើបបាន សម្រេចយញ្ញៈ ដល់ទេវតាទាំងឡាយ បពិត្រព្រះមានព្រះភាគ ខ្ញុំព្រះអង្គ ទូលសួរព្រះអង្គ សូមព្រះអង្គ ប្រាប់សេចក្តីនោះ ដល់ខ្ញុំព្រះអង្គ ។ ពាក្យថា ជាបុគ្គលមិនមានការញាប់ញ័រ ទ្រង់ឃើញនូវមូល អធិប្បាយថា តណ្ហា លោកហៅថា ការញាប់ញ័រ បានដល់ សេចក្តីត្រេកអរ សេចក្តីត្រេកអរខ្លាំង ។ បេ ។ អភិជ្ឈា លោភៈ អកុសលមូល ។ ការញាប់ញ័រ គឺតណ្ហានោះ ព្រះពុទ្ធមានព្រះភាគ លះបង់ហើយ មានឫសផ្តាច់ផ្តិលហើយ ធ្វើមិនឲ្យមានទីកើត ដូចជាទីកើតនៃដើមត្នោត ធ្វើឲ្យដល់នូវការមិនមានបែប ភាព មិនឲ្យមានការកើតឡើងតទៅ ជាធម្មតា ហេតុនោះ ព្រះពុទ្ធ ឈ្មោះថា មិនមានការញាប់ញ័រ ព្រះពុទ្ធ ឈ្មោះថា មិនញាប់ញ័រ ព្រោះព្រះអង្គលះនូវ ការញាប់ញ័រ ។ ទុកជាក្នុងលាភ ព្រះមានព្រះភាគ ក៏មិនញាប់ញ័រ ទុកជា ក្នុងអលាភ ក៏មិនញាប់ញ័រ ទុកជាក្នុងយស ក៏មិនញាប់ញ័រ ទុកជាក្នុង អយស ក៏មិនញាប់ញ័រ ទុកជាក្នុងសេចក្តីសរសើរ ក៏មិនញាប់ញ័រ ទុកជា ក្នុងសេចក្តីត្រិះដៀល ក៏មិនញាប់ញ័រ ទុកជាក្នុងសុខ ក៏មិនញាប់ញ័រ ទុកជា ក្នុងទុក្ខក៏មិនញាប់ញ័រ មិនកម្រើក មិនរំភើប មិនរន្ធត់ ហេតុនោះ ( លោក សួរថា ) ជាបុគ្គលមិនមានការញាប់ញ័រ ។ ពាក្យថា ឃើញមូល គឺព្រះមាន ព្រះភាគ ទ្រង់ឃើញឫសគល់ ឃើញហេតុ ឃើញនិទាន ឃើញសម្ភវៈ ឃើញ សមុដ្ឋាន ឃើញអាហារ ឃើញអារម្មណ៍ ឃើញបច្ច័យ ឃើញសមុទ័យ ។ អកុសលមូល ៣ គឺលោភៈ ជាអកុសលមូល ទោសៈ ជាអកុសលមូល មោហៈ ជាអកុសលមូល ។