អដ្ឋកថាមេត្តគូមាណវកប្បបញ្ញានិទ្ទេស
ក្បាលទី 55 · ទំព័រ 180
មេត្តគូមាណវកប្បបញ្ញានិទ្ទេស គប្បីជ្រាបវិនិច្ឆ័យក្នុងមេត្តគូសូត្រទី ៤ ដូចតទៅ បទថា មញ្ញាមិ តំ វេទគុំ ភាវិតត្តំ សេចក្តីថា ខ្ញុំព្រះអង្គ រមែងសម្គាល់នូវព្រះអង្គយ៉ាងនេះថា ព្រះមានព្រះភាគអង្គនេះ ជាអ្នកចប់វេទ និងជាអ្នកមានខ្លួនអប់រំហើយ ។ បទថា អបរិត្តោ បានដល់ មិនមែនតិច ។ បទថា មហន្តោ បានដល់ មិនមែនតូច ។ បទថា គម្ភីរោ បានដល់ មិនរាក់ ។ បទថា អប្បមេយ្យោ បានដល់ មិនអាចរាប់បាន ។ បទថា ទុប្បរិយោគាឡោ បានដល់ លំបាកនឹងឈមចុះបាន គឺលំបាកស្ទង់ដល់បាន ។ បទថា ពហុរតនោ សាគរូបមោ សេចក្តីថា មានធម៌ជារតនៈច្រើន ព្រោះជាប្រភព កើតនៃធម្មរតនៈច្រើន ដូចគ្នានឹងសាគរ គឺដូចសមុទ្រដែលបរិបូណ៌ដោយ រតនៈច្រើនយ៉ាង ។