តណ្ហាជាខ្សែក្នុងលោក

ក្បាលទី 55 · ទំព័រ 198

ធោតកៈមានអាយុ ( ទូលសួរដូច្នេះថា ) បពិត្រព្រះមាន ព្រះភាគ ខ្ញុំព្រះអង្គសូមទូលសួរព្រះអង្គ សូមព្រះអង្គសម្តែងសេចក្តីនោះ ដល់ខ្ញុំព្រះអង្គ បពិត្រព្រះមហេសី ខ្ញុំព្រះអង្គប្រាថ្នា ( ស្តាប់ ) ព្រះពុទ្ធដីកា របស់ព្រះអង្គ ( ព្រោះថា ) បុគ្គលស្តាប់ទេសនារបស់ព្រះអង្គហើយ នឹង សិក្សានូវការរម្លត់ ( កិលេស ) របស់ខ្លួនបាន ។ អធិប្បាយពាក្យថា បពិត្រព្រះមានព្រះភាគ ខ្ញុំព្រះអង្គសូម ទូលសួរព្រះអង្គ សូមព្រះអង្គសម្តែងសេចក្តីនោះដល់ខ្ញុំព្រះអង្គ ត្រង់ពាក្យថា សូមសួរ បានដល់ បុច្ឆា ៣ គឺទិដ្ឋជោតនាបុច្ឆា ១ ទិដ្ឋសំសន្ទនាបុច្ឆា ១ វិមតិច្ឆេទនាបុច្ឆា ១ ។ បេ ។ នេះ បុច្ឆា ៣ ។ បេ ។ និព្វានបុច្ឆា ។ ពាក្យថា ខ្ញុំ ព្រះអង្គសូមទូលសួរព្រះអង្គ គឺខ្ញុំព្រះអង្គសូមសួរចំពោះព្រះអង្គ សូមអង្វរ ព្រះអង្គ សូមអារាធនាព្រះអង្គ សូមជ្រះថ្លានឹងព្រះអង្គ សូមព្រះអង្គសម្តែង ដល់ខ្ញុំព្រះអង្គ ហេតុនោះ ( លោកពោលថា ) ខ្ញុំព្រះអង្គ សូមទូលសួរព្រះអង្គ ។ ពាក្យថា ព្រះមានព្រះភាគ នេះ ជាពាក្យពោលដោយគោរព ។ បេ ។ ការបញ្ញត្តិថា ព្រះមានព្រះភាគ នេះ ( កើត ) ព្រោះការធ្វើឲ្យជាក់ច្បាស់ ។ ពាក្យថា សូមព្រះអង្គសម្តែងសេចក្តីនោះដល់ខ្ញុំព្រះអង្គ គឺសូមព្រះអង្គពោល ប្រាប់ សម្តែង បញ្ញត្ត តាំងទុក បើក ចែក ធ្វើឲ្យ ងាយ ប្រកាស ហេតុ នោះ ( លោកពោលថា ) បពិត្រព្រះមានព្រះភាគ ខ្ញុំព្រះអង្គសូមទូលសួរ ព្រះអង្គ សូមព្រះអង្គសម្តែងសេចក្តីនុ៎ះ ដល់ខ្ញុំព្រះអង្គ ។