អដ្ឋកថាឧបសីវមាណវកប្បបញ្ញានិទ្ទេស

ក្បាលទី 55 · ទំព័រ 249

គប្បីជ្រាបវិនិច្ឆ័យក្នុងឧបសីវមាណវសុត្តនិទ្ទេសទី ៦ តទៅ បទថា មហន្តមោឃំ កាត់បទជា មហន្តំ ឱឃំ ។ បទថា អនិស្សិតោ បានដល់ មិនជាប់ក្នុងបុគ្គល ឬធម៌ ។ បទថា នោ វិសហាមិ បានដល់ ខ្ញុំព្រះអង្គមិនអាច ។ បទថា អារម្មណំ បានដល់ និស្ស័យ ។ បទថា យំ និស្សិតោ បានដល់ អាស្រ័យធម៌ ឬបុគ្គលណា ។ គប្បីជ្រាបវិនិច្ឆ័យក្នុងនិទ្ទេសតទៅ បទថា កាមោឃំ សេចក្តីថា គប្បីឆ្លងកាមោឃៈបានដោយអនាគាមិមគ្គ គប្បីឆ្លងភវោឃៈបាន ដោយអរហត្តមគ្គ គប្បីឆ្លងទិដ្ឋោឃៈបាន ដោយសោតាបត្តិមគ្គ គប្បីឆ្លង អវិជ្ជោឃៈបានដោយអរហត្តមគ្គ ។ បទថា សក្យកុលា បព្វជិតោ លោក ពោលដោយអំណាចការសម្តែងដល់ត្រកូលខ្ពស់ របស់ព្រះមានព្រះភាគ ។ បទថា អាលម្ពណំ បានដល់ ទីតោង ។ បទថា និស្សយំ បានដល់ ទីអាស្រ័យ ។ បទថា ឧបនិស្សយំ បានដល់ ទីពឹងពំនាក់ ។ ឥឡូវនេះ ព្រោះឧបសីវមាណពនោះ ជាអ្នកបាននូវ អាកិញ្ចញ្ញាយតនៈ តែមិនដឹងនិស្ស័យដែលមាននោះ ព្រោះហេតុនោះ ព្រះមាន ព្រះភាគ កាលទ្រង់សម្តែងដល់ធម៌ដែលអាស្រ័យ និងគន្លងនៃធម៌ជា គ្រឿងនាំចេញឲ្យក្រៃលែងឡើងដល់ព្រាហ្មណ៍នោះ ទើបត្រាស់គាថាថា អាកិញ្ចញ្ញំ ដូច្នេះជាដើម ។ ក្នុងបទទាំងនោះ បទថា បេក្ខមានោ បានដល់ មានសតិសម្លឹងមើល ទាំងចូល និងចេញចាកអាកិញ្ចញ្ញាយតនសមាបត្តិនោះ ដោយអំណាចការ មិនទៀងជាដើម ។ បទថា នត្ថីតិ និស្សាយ សេចក្តីថា ធ្វើនូវសមាបត្តិ ដែលប្រព្រឹត្តទៅហើយនោះថា អ្វីតិចតួចមិនមាន ឲ្យជាអារម្មណ៍ ។ បទថា តរស្សុ ឱឃំ សេចក្តីថា ចូរឆ្លងឱឃៈ ៤ យ៉ាង តាមសមគួរនៃវិបស្សនា ដែលប្រព្រឹត្តទៅហើយចាប់តាំងអំពីនោះ ។