អដ្ឋកថានន្ទមាណវកប្បបញ្ញានិទ្ទេស

ក្បាលទី 55 · ទំព័រ 283

គប្បីជ្រាបវិនិច្ឆ័យក្នុងនន្ទសូត្រទី ៧ ដូចតទៅ គប្បីជ្រាបអត្ថនៃគាថាដូច្នេះ ជនទាំងឡាយ មានក្សត្រជាដើមក្នុងលោក រមែងពោលថា មុនីទាំងឡាយ មានក្នុងលោក សំដៅដល់អាជីវក និងនិគ្រន្ថ ជាដើម ។ បទថា តយិទំ កថំសុ សេចក្តីថា ជនទាំងឡាយ រមែងពោល បុគ្គលប្រកបដោយញាណថា ជាមុនី ព្រោះជាអ្នកប្រកបដោយញាណ មាន សមាបត្តិញ្ញាណជាដើមដូចម្តេច ឬថា ពោលដល់បុគ្គលដទៃដែរ ឬរមែង ពោលដល់បុគ្គលដែលប្រកបដោយការរស់នៅ ពោល គឺមានភាពជាអ្នក សៅហ្មង មានប្រការផ្សេងៗ ថាជាមុនី ។ គប្បីជ្រាបវិនិច្ឆ័យក្នុងនិទ្ទេសតទៅ បទថា អដ្ឋសមាបត្តិញ្ញាណេន វា បានដល់ ដោយញាណដែលសម្បយុត្តដោយសមាបត្តិ ៨ មានបឋមជ្ឈានជាដើម ។ បទថា បញ្ចាភិញ្ញាណេន វា បានដល់ ដោយ ញាណ គឺ ការដឹងខន្ធបញ្ចកៈដែលអាស្រ័យនៅក្នុងជាតិមុនជាដើម ។ លំដាប់នោះ ព្រះមានព្រះភាគ កាលទ្រង់ហាមទាំង ២ យ៉ាងរបស់នន្ទមាណពនោះ កាលទ្រង់សម្តែងភាពជាមុនី ទើបត្រាស់គាថាថា ន ទិដ្ឋិយា ដូច្នេះជាដើម ។ ឥឡូវនេះ នន្ទមាណពដើម្បីលះសេចក្តីសង្ស័យក្នុងវាទៈ នៃបុគ្គលអ្នកពោលថា សេចក្តីបរិសុទ្ធ រមែងមានដោយវត្ថុដែលឃើញជាដើម ទើបទូលសួរថា យេ កេចិមេ ដូច្នេះជាដើម ។ ក្នុងបទទាំងនោះ បទថា អនេករូបេន បានដល់ ដោយមង្គលភ្ញាក់ផ្អើលជាដើមខ្លះ ។ បទថា តត្ថ យតា ចរន្តា បានដល់ គ្រប់គ្រងហើយក្នុងទិដ្ឋិរបស់ខ្លួននោះ ។ លំដាប់នោះ ព្រះមានព្រះភាគ កាលទ្រង់សម្តែងការ មិនមានសេចក្តីបរិសុទ្ធយ៉ាងនោះដល់មាណពនោះ ទើបត្រាស់គាថាទី ៤ ។