អធិប្បញ្ញាសិក្ខា
( តោទេយ្យមានអាយុទូលសួរដូច្នេះថា ) កាម ទាំងឡាយ មិនមាននៅក្នុងបុគ្គលណា តណ្ហារបស់បុគ្គលណា មិនមាន មួយទៀត បុគ្គលណា ឆ្លងសេចក្តីសង្ស័យបានហើយ វិមោក្ខធម៌របស់បុគ្គលនោះ តើដូចម្តេចទៅ ។ ពាក្យថា កាមទាំងឡាយ មិនមាននៅក្នុងបុគ្គលណា គឺកាម ទាំងឡាយ មិនមាននៅ មិននៅព្រម មិននៅទួទៅក្នុងបុគ្គលណា ។ ពាក្យថា ដូច្នេះ របស់បទថា តោទេយ្យមានអាយុ ពោលដូច្នេះ ជាតំណបទ ។ បេ ។ បទថា ដូច្នេះ នេះ ជាលំដាប់បទ ពាក្យថា មានអាយុ គឺពាក្យជាទីស្រឡាញ់ ជាពាក្យគោរព ពាក្យថា មានអាយុនេះ ជាពាក្យពោលដោយសេចក្តីគោរព កោតខ្លាច ។ ពាក្យថា តោទេយ្យ ជាឈ្មោះរបស់ព្រាហ្មណ៍នោះ ។ បេ ។ ជា ពាក្យសម្រាប់ហៅព្រាហ្មណ៍នោះ ហេតុនោះ ( មានពាក្យថា ) តោទេយ្យ មានអាយុ ទូលសួរដូច្នេះ ។ ពាក្យថា តណ្ហារបស់បុគ្គលណា មិនមាន គឺតណ្ហានៃ បុគ្គលណា មិនមាន មិនមានព្រម មិនកើតមាន គឺបុគ្គលណា លះបង់ រម្ងាប់ ឲ្យស្ងប់រម្ងាប់ ធ្វើមិនគួរឲ្យកើតឡើងបាន ដុតដោយភ្លើង គឺញាណហើយ ហេតុនោះ ( លោកពោលថា ) តណ្ហារបស់បុគ្គលណា មិនមាន ។ ពាក្យថា មួយទៀត បុគ្គលណា ឆ្លងសេចក្តីសង្ស័យបាន គឺ មួយទៀត បុគ្គលណា ឆ្លង ឆ្លងឡើង ឆ្លងចេញ កន្លង រំលង ប្រព្រឹត្តកន្លង សេចក្តីសង្ស័យបាន ហេតុនោះ ( លោកពោលថា ) មួយទៀត បុគ្គលណា ឆ្លងសេចក្តីសង្ស័យបានហើយ ។ ពាក្យថា វិមោក្ខធម៌ របស់បុគ្គលនោះ តើដូចម្តេច គឺ តោទេយ្យមាណពសួវិមោក្ខធម៌ថា វិមោក្ខធម៌របស់បុគ្គលនោះ ដូចម្តេចទៅ តាំងនៅដូចម្តេច មានប្រការដូចម្តេច មានចំណែកប្រៀបដូចម្តេចដែលបុគ្គល គប្បីប្រាថ្នា ហេតុនោះ ( លោកពោលថា ) វិមោក្ខធម៌ របស់បុគ្គលនោះ តើដូចម្តេចទៅ ។