អដ្ឋកថាជតុកណ្ណីមាណវកប្បបញ្ញានិទ្ទេស

ក្បាលទី 55 · ទំព័រ 344

គប្បីជ្រាបវិនិច្ឆ័យក្នុងជតុកណ្ណីសូត្រទី ១១ ដូចតទៅ បទថា សុត្វានហំ វីរ អកាមកាមឹ បានដល់ បពិត្រព្រះអង្គដ៏ចម្រើន ទ្រង់ជាអ្នកក្លៀវក្លា ខ្ញុំព្រះអង្គបានស្តាប់ហើយថា ទ្រង់មិនមានសេចក្តីប្រាថ្នា ក្នុងកាម ព្រោះមិនត្រូវការកាមទាំងឡាយ ដោយន័យជាដើមថា ឥតិបិ សោ ភគវា ដូច្នេះ ។ បទថា អកាមមាគមំ បានដល់ ខ្ញុំព្រះអង្គមកគាល់ដើម្បី ទូលសួរព្រះមានព្រះភាគ ដែលទ្រង់មិនមានកាម ។ បទថា សហាជនេត្ត បានដល់ ចក្ខុ គឺសព្វញ្ញុតញ្ញាណ ដែលកើតព្រមនឹងការ ត្រាស់ដឹង ។ បទថា យថាតច្ឆំ សេចក្តីថា តាមសេចក្តីពិត ។ ជតុកណ្ណីមាណពទូលអារាធនា ទៀតថា សូមព្រះអង្គសម្តែងសន្តិបទនោះ ដែលជាធម៌ពិត ដល់ខ្ញុំព្រះអង្គ ឲ្យទាន ដ្បិតថា បុគ្គលកាលសូម គប្បីសូម ១០០០ ដង នឹងពោលទៅថ្វី ត្រឹមតែ ២ ដង ។ សេចក្តីនៃបទទាំងឡាយនេះថា ឥតិបិ សោ ភគវា អរហំ សម្មាសម្ពុទ្ធោ បានពោលពិស្តារហើយខាងដើម ។ ព្រះមានព្រះភាគ ឈ្មោះ ថា វិជ្ជាចរណសម្បន្នោ ព្រោះជាអ្នកដល់ព្រមហើយដោយវិជ្ជា និងចរណៈ ។ ក្នុងបទនោះ បទថា វិជ្ជា បានដល់ វិជ្ជា ៣ ខ្លះ វិជ្ជា ៨ ខ្លះ ។ វិជ្ជា ៣ គប្បី ជ្រាបដោយន័យដែលពោលហើយ ក្នុងភយភេរវសូត្រនោះឯង ។ វិជ្ជា ៨ គប្បីជ្រាបដោយន័យដែលពោលហើយក្នុងអម្ពដ្ឋសូត្រ ។ ក្នុងអម្ពដ្ឋសូត្រនោះ លោកពោលវិជ្ជា ៨ ដោយកំណត់យកអភិញ្ញា ៦ មួយអន្លើដោយ វិបស្សនាញាណ និងមនោមយិទ្ធិ ។ គប្បីជ្រាបធម៌ទាំង ១៥ យ៉ាង គឺការសង្រួម ក្នុងសីល ១ ភាពជាអ្នកមានការគ្រប់គ្រងហើយក្នុងឥន្ទ្រិយទាំងឡាយ ១ ភាពជាអ្នកស្គាល់ប្រមាណក្នុងការបរិភោគ ១ ការប្រកបសេចក្តីព្យាយាម ១ សទ្ធម្ម ៧ រូបាវចរជ្ឈាន ៤ ឈ្មោះថា ចរណ ។