អដ្ឋកថាបោសាលមាណវកប្បបញ្ញានិទ្ទេស

ក្បាលទី 55 · ទំព័រ 420

គប្បីជ្រាបវិនិច្ឆ័យក្នុងបោសាលសូត្រទី ១៤ ដូចតទៅ បទថា យោ អតីតំ អាទិសតិ សេចក្តីថា ព្រះមាន ព្រះភាគអង្គណា ទ្រង់សម្តែងអតីត គឺទ្រង់សម្តែងអតីត មានជាដើមថា ១ ជាតិខ្លះរបស់ព្រះអង្គ និងរបស់សត្វដទៃ ។ បទថា ឯកម្បិ ជាតឹ សេចក្តីថា ១ ខន្ធសន្តានខ្លះ ដែល មានបដិសន្ធិជាដើម មានចុតិជាបរិយោសាន ដែលទាក់ទងក្នុង ១ ភព ។ ក្នុងបទទាំងឡាយថា ទ្វេបិ ជាតិយោ ជាដើម ក៏មានន័យដូច្នេះ ។ ម្យ៉ាងទៀត គប្បីជ្រាបសេចក្តីក្នុងបទទាំងឡាយថា អនេកេបិ សំវដ្តកប្បេ ជាដើម ដូចតទៅ កប្បកំពុងវិនាស ឈ្មោះថា សំវដ្តកប្ប ព្រោះក្នុងកាលនោះ សត្វ ទាំងពួងទៅរួមគ្នាក្នុងព្រហ្មលោក ។ កប្បកំពុងចម្រើន ឈ្មោះថា វិវដ្តកប្ប ព្រោះក្នុងកាលនោះ សត្វទាំងឡាយត្រឡប់អំពីព្រហ្មលោក ។ ក្នុងបទនោះ ជាការកាន់យកអាការតាំងនៅនៃសំវដ្តកប្ប ដោយសំវដ្តកប្ប ។ និងជាការកាន់ យកអាការតាំងនៅនៃវិវដ្តកប្ប ដោយវិវដ្តកប្ប ។ ព្រោះបដិសន្ធិនោះ ជាដើមហេតុ ។ កាលបើដូច្នោះ ព្រះមានព្រះភាគត្រាស់ថា ចត្តារីមានិ ភិក្ខវេ កប្បស្ស អសង្ខេយ្យានិ ។ កតមានិ ចត្តារិ សំវដ្តោ សំវដ្តដ្ឋាយី វិវដ្តោ វិវដ្តដ្ឋាយី ម្នាលភិក្ខុទាំងឡាយ អសង្ខេយ្យ ( កាលដែលយូររាប់ មិនបាន ) នៃកប្បនេះមាន ៤ ។ អសង្ខេយ្យ ៤ គឺអ្វីខ្លះ ។ កាលកប្ប សូន្យទៅ តាំងមានឡើង កាលកប្បតាំងនៅ ក្នុងចន្លោះវិនាសទៅ តាំងមាន ឡើង កាលកប្បត្រឡប់ចម្រើន តាំងមានឡើងវិញ កាលកប្បតាំងនៅ ក្នុង ចន្លោះចម្រើន តាំងមានឡើង ។ ជាការកំណត់យកអសង្ខេយ្យកប្បទាំងនោះ ។ ម្យ៉ាងទៀត ក្នុងបទថា សំវដ្តកប្បេ វិវដ្តកប្បេ លោកពោលកាន់ យកពាក់កណ្តាលនៃកប្ប ។ ក្នុងបទថា សំវដ្តវិវដ្តកប្បេ លោកពោលកាន់ យកអស់កប្ប ។