រលត់ទុក្ខព្រោះពិចារណា
ក្បាលទី 55 · ទំព័រ 56
អជិតមាណពសូម្បីបានស្តាប់សច្ចៈ ៤ ប្រការយ៉ាងនេះ ដោយប្រការដូច្នេះហើយ ក៏មិនទាន់សម្រេចអរិយភូមិ កាល ទូលសួរដល់បដិបទារបស់ព្រះសេក្ខៈ និងព្រះអសេក្ខៈទៀត ទើបពោលថា យេ ច សង្ខាតធម្មាសេ ដូច្នេះ ។ ក្នុងបទទាំងនោះ បទថា សង្ខាតធម្មា បានដល់ ធម៌ដែល ពិចារណាហើយ ដោយភាពជារបស់មិនទៀងជាដើម ។ បទនេះ ជាឈ្មោះ របស់ព្រះអរហន្តទាំងឡាយ ។ បទថា សេក្ខា បានដល់ អរិយបុគ្គល ដ៏សេស ដែលត្រូវសិក្សាសីលជាដើម ។ បទថា បុថូ បានដល់ អរិយជន ៧ ប្រភេទ ។ បទថា តេសំ មេ និបកោ ឥរិយំ បុដ្ឋោ បព្រូហិ សេចក្តីថា ខ្ញុំព្រះអង្គទូលសួរហើយ សូមទ្រង់ដែលជាបណ្ឌិតមានបញ្ញា ប្រាប់ដល់បដិបទា របស់ព្រះសេក្ខៈ និងអសេក្ខៈទាំងនោះ ដល់ខ្ញុំព្រះអង្គចុះ ។ បទថា តេសំ ខន្ធា សង្ខាតា សេចក្តីថា ខន្ធ ៥ ដែល ព្រះខីណាស្រពទាំងនោះ ធ្វើឲ្យអស់ទៅហើយ ដោយធ្វើមិនឲ្យមានបដិសន្ធិ ។