មូលនៃអកុសល៣យ៉ាង
ពាក្យថា គប្បីប្រព្រឹត្ត បានដល់ ការប្រព្រឹត្ត ៨ គឺការប្រព្រឹត្តឥរិយាបថ ១ ដូច្នេះជាដើម ។ គប្បីជ្រាបសេចក្តីពិស្តារក្នុងរឿងនោះ សេចក្តីថា គប្បីជា អ្នកប្រកបដោយចរិយាទាំងនោះ ។ ម្យ៉ាងទៀត អធិប្បាយថា គប្បីជាអ្នកប្រកបដោយចរិយា ៨ ដទៃ ទៀត ដែលទ្រង់ត្រាស់យ៉ាងនេះថា បុគ្គលជឿប្រព្រឹត្តដោយសទ្ធា ១ ប្រឹងប្រព្រឹត្តដោយវីរិយៈ ១ ប្រុងប្រព្រឹត្តដោយសតិ ១ ធ្វើសេចក្តីមិនរាយមាយ ប្រព្រឹត្ត ដោយសមាធិ ១ ដឹងច្បាស់ ប្រព្រឹត្តដោយបញ្ញា ១ ដឹងវិសេស ប្រព្រឹត្តដោយវិញ្ញាណ ១ បុគ្គលប្រព្រឹត្ត ដោយការប្រព្រឹត្ត អាយតនៈថា ពួកធម៌ជាកុសលរបស់បុគ្គលអ្នកប្រតិបត្តិយ៉ាងនេះ រមែងប្រព្រឹត្តទៅ ១ បុគ្គលប្រព្រឹត្តដោយវិសេសចរិយាថា បុគ្គលប្រតិបត្តិយ៉ាងនេះ រមែងបាននូវគុណវិសេស ១ ដូច្នេះ ។ បទថា ខគ្គវិសាណកប្បោ បានដល់ កុយរបស់រមាស ឈ្មោះថា ខគ្គវិសាណ ។ កប្ប សព្ទនេះ មានន័យច្រើនយ៉ាង គឺជឿ វោហារ កាល បញ្ញត្តិ ឆេទ គឺកាត់ វិកប្ប គឺកំណត់ លេស សមន្តភាវៈ គឺភាវៈជុំវិញ សទិស គឺដូច ។ ពិតហើយ កប្ប សព្វនោះ មកក្នុងអត្ថថា ជឿ ដូចក្នុងប្រយោគ ជាដើមថា ឱកប្បនីយមេតំ ភោតោ គោតមស្ស យថា តំ អរហតោ សម្មាសម្ពុទ្ធស្ស ពាក្យរបស់ព្រះគោតមដ៏ចម្រើន ដែលជាអរហន្តសម្មាសម្ពុទ្ធនេះ ជាពាក្យគួរជឿពិតហើយ ។ មកក្នុងអត្ថថា វោហារ ដូចក្នុងប្រយោគជាដើមថា អនុជានាមិ ភិក្ខវេ បញ្ចហិ សមណកប្បេហិ ផលំ បរិភុញ្ជិតុំ ម្នាលភិក្ខុទាំងឡាយ តថាគត អនុញ្ញាតឲ្យភិក្ខុឆាន់ផ្លែឈើដោយសមណកប យ៉ាង ។