និទាន៣យ៉ាង
សេចក្តីស្នេហា របស់បុគ្គលអ្នកមានការជាប់ជំពាក់ រមែងមាន សេចក្តីទុក្ខនេះ មានឡើង ព្រោះអាស្រ័យសេចក្តី ស្នេហា បុគ្គលកាលសម្លឹងឃើញទោស ដែលកើតអំពីសេចក្តី ស្នេហា គប្បីប្រព្រឹត្តម្នាក់ឯងដូចកុយរមាស ។ អធិប្បាយពាក្យថា សេចក្តីស្នេហារបស់បុគ្គលអ្នកមានការជាប់ ជំពាក់រមែងមាន ត្រង់ពាក្យថា ការជាប់ជំពាក់ បានដល់ ការជាប់ជំពាក់ ២ គឺការជាប់ជំពាក់ដោយការឃើញ ១ ការជាប់ជំពាក់ដោយការស្តាប់ ១ ។ ការជាប់ជំពាក់ដោយការឃើញ តើដូចម្តេច ។ បុគ្គលខ្លះក្នុងលោកនេះ ឃើញស្ត្រី ឬកុមារីដែលមានរូបល្អ គួររមិលមើល ជាទីជ្រះថ្លា ប្រកបដោយ សម្បុរល្អក្រៃលែង លុះមើលឃើញហើយ ក៏កាន់យកនិមិត្តដោយអនុព្យញ្ជនៈ សក់ល្អ មុខល្អ ភ្នែកល្អ ត្រចៀកល្អ ច្រមុះល្អ បបូរមាត់ល្អ ធ្មេញល្អ មាត់ ល្អ កល្អ ដោះល្អ ទ្រូងល្អ ពោះល្អ ចង្កេះល្អ ភ្លៅល្អ ជង្គង់ល្អ ដៃល្អ ម្រាម ដៃល្អ ក្រចកល្អ លុះមើលឃើញហើយ រមែងត្រេកអរ សរសើរ បុនប៉ង ក្រវែលរក ជាប់តាមនូវចំណង គឺរាគៈ នេះការជាប់ជំពាក់ដោយការឃើញ ។ ការជាប់ជំពាក់ដោយការឮ តើដូចម្តេច ។ បុគ្គលខ្លះក្នុងលោកនេះ ឮថា ស្ត្រី ឬកុមារីក្នុងស្រុកក្តី ក្នុងនិគមក្តី ឈ្មោះឯណោះមានរូបល្អគួររមិលមើល ជាទីជ្រះថ្លា ប្រកបដោយសម្បុរល្អក្រៃលែង លុះស្តាប់ឮហើយ រមែងត្រេកអរ សរសើរ ប៉ុនប៉ង ក្រវែលរក ជាប់តាមនូវចំណង គឺរាគៈ នេះការជាប់ជំពាក់ ដោយការឮ ។ ពាក្យថា សេចក្តីស្នេហា បានដល់ សេចក្តីស្នេហា ២ គឺតណ្ហាស្នេហា ១ ទិដ្ឋិស្នេហា ១ ។ តណ្ហាស្នេហា តើដូចម្តេច ។ អំពើដែលបុគ្គលធ្វើឲ្យមានដែន ធ្វើឲ្យ មានខណ្ឌ ធ្វើឲ្យមានជួរ ធ្វើឲ្យមានទីបំផុត ហួងហែង ប្រកាន់ដោយចំណែក តណ្ហា ទាំងបុន្មានថា នេះរបស់អញ នុ៎ះរប