អដ្ឋកថា គាថាទី ៧

ក្បាលទី 55 · ទំព័រ 704

គប្បីជ្រាបវិនិច្ឆ័យក្នុងគាថាទី ៧ ដូចតទៅនេះ បទថា ខិឌ្ឌា បានដល់ ការលេង ។ ការលេង មាន ២ យ៉ាង គឺលេងផ្លូវកាយ និងផ្លូវវាចា ។ ក្នុងការលេង ២ យ៉ាងនោះ ការលេង យ៉ាងនេះ គឺការលេងដោយដំរី សេះ រថ ធ្នូ ដាវជាដើម ឈ្មោះថា លេង ផ្លូវកាយ ។ ការលេងយ៉ាងនេះ គឺច្រៀង ពោលពាក្យស្លោក ( កំណាព្យ ) លេងស្គរមាត់ជាដើម ឈ្មោះថា ការលេងផ្លូវវាចា ។ បទថា រតី បានដល់ ការត្រេកអរក្នុងកាមគុណ ៥ ។ បទថា វិបុលំ បានដល់ ជ្រួតជ្រាបចូលទៅ ក្នុងអត្តភាពទាំងមូល រហូតដល់ខួរក្នុងឆ្អឹង ។ បទដ៏សេស ប្រាកដច្បាស់ ហើយ ។ សូម្បីយោជនាក្នុងនិទ្ទេសនេះ គប្បីជ្រាបតាមន័យដែលពោល ហើយ ក្នុងសំសគ្គគាថានោះឯង ។