អដ្ឋកថា គាថាទី ៣
គាថាទី ៣ មានអត្ថងាយយល់ហើយ ឯសម្លាញ់ដែល ដល់ព្រមដោយសីលក្ខន្ធជាដើម ដែលជាអសេក្ខៈ គប្បីជ្រាបថា សម្លាញ់ ដែលជាអ្នកដល់ព្រមដោយសីលក្ខន្ធជាដើម ក្នុងបទថា សហាយសម្បទំ នេះ ត្រឹមតែម្យ៉ាង ។ តែក្នុងបទនេះ យោជនាលម្ហិតថា អាត្មាសរសើរ សម្លាញ់ដែលដល់ព្រមដោយធម៌ ដែលពោលហើយពិតប្រាកដ ។ មានពាក្យ អធិប្បាយថា អាត្មាសរសើរដោយចំណែកមួយបុណ្ណោះ ។ សរសើរដូចម្តេច ( សរសើរថា ) បុគ្គលគួរគប់រកសម្លាញ់មានគុណប្រសើរជាងខ្លួន និង សម្លាញ់មានគុណស្មើនឹងខ្លួន ព្រោះហេតុអ្វី ព្រោះកាលគប់រកបុគ្គលប្រសើរ ជាងខ្លួនដោយសីលជាដើម ធម៌ មានសីលជាដើម ដែលមិនទាន់កើតរមែង កើត ដែលកើតហើយ រមែងដល់នូវសេចក្តីចម្រើន ដុះដាលបរិបូណ៌ ។ កាលគប់រកបុគ្គលស្មើគ្នា ធម៌ទាំងឡាយ ដែលបានដោយការទ្រទ្រង់ស្មើគ្នា និងគ្នា ដោយការបន្ទោបង់នូវការខ្សឹកខ្សួលហើយ រមែងមិនវិនាស ។ កុលបុត្តអ្នករក្សាខ្លួន កាលមិនបានសម្លាញ់ដែលប្រសើរជាង ឬស្មើគ្នា គួរវៀរ មិច្ឆាជីវៈ មានការបោកបញ្ឆោតជាដើម ហើយបរិភោគភោជនដែលកើត ដោយធម៌ដោយត្រឹមត្រូវ និងមិនញ៉ាំងនូវការចង្អៀតចង្អល់ និងការត្រេកអរ ឲ្យកើតឡើងក្នុងភោជននោះ ជាអ្នកបរិភោគបច្ច័យដែលមិនមានទោស គប្បី ត្រាច់ទៅម្នាក់ឯង ដូចកុយរមាស ដូច្នោះ ។ ពិតហើយ សូម្បីអាត្មាកាល ត្រាច់ទៅយ៉ាងនេះ ក៏សម្រេចដល់សម្បត្តិនេះ ដោយប្រការដូច្នេះ ។ ក្នុង និទ្ទេសមានន័យដូចពោលហើយនោះឯង ។